ខេត្តប៉ៃលិន ៖ បុរសម្នាក់ដែលជាប្តីហេងស៊យ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ។ ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៣ និង ១៥នាទី រសៀលថ្ងៃទី១៦ តុលា ២០១៣ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមរបាយការណ៍របស់សមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះខាងលើ លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យលោកតាមដាន និងស៊ើបអង្កេតរកមើលជនសង្ស័យម្នាក់នេះ ដែលបានប្រើអំពើហិង្សាវាយដំទៅលើស្ត្រីរងគ្រោះ។ ក្រោយមកលោកបានចាត់កម្លាំងរបស់ខ្លួនឲ្យតាមដានរកមើលជនសង្ស័យ ខាងលើអស់រយៈពេល ៣ ទៅ ៤ថ្ងៃ ហើយរូបគេដឹងខ្លួន ក៏បានរត់គេចពីកន្លែងមួយទៅកន្លែងមួយក្នុងក្រុងប៉ៃលិន តែលោកបានឲ្យស្ត្រីរងគ្រោះរកវិធីលួងលោមបញ្ឆោតថា សុំលុយព្យាបាលរបួស គឺនាងអត់ប្តឹងផ្តល់ ឬខឹងអ្វីនឹងរូបគេនោះទេ ដើម្បីឲ្យបុរសជាប្តីហេងស៊យចេញមុខ ទើបនាងនាំគេចូលទៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ហើយខាងលោក ក៏ធ្វើការចាប់ឃាត់ខ្លួនបានតែម្តង។
រម្លឹកថា កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី១៣ តុលា ២០១៣ ស្ថិតនៅមុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងភូមិសង្កាត់ខាងលើ ស្ត្រីវ័យកណ្តាលម្នាក់បានរងរបួសជាំមុខ ជាំមាត់ របួសខ្នង ចង្កេះ និងកន្លែងផ្សេងៗទៀត ស្ទើរតែសព្វសារពាង្គកាយ ដោយសារយកប្តីហេងស៊យ ដែលបានគ្នាត្រឹមតែជាង ៣ខែ វាយធ្វើបាបជារៀងរាល់ថ្ងៃ ព្រោះតែភ្លើងប្រចណ្ឌ។ បុរសជាប្តីហេងស៊យ ដែលត្រូវកងកម្លាំងប្រដាប់អាវុធឃាត់ខ្លួន ឈ្មោះ កែវ សម្ផស្ស ហៅខួច អាយុ ២៩ឆ្នាំ មានស្រុកកំណើតរស់នៅភូមិផ្លូវសុខហុក សង្កាត់អូរឫស្សីមួយ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឆេង សុគន្ធា ហៅដាលីន អាយុ ៣៧ឆ្នាំ មានស្រុកកំណើតរស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នទាំងពីរនាក់ស្នាក់នៅបណ្តោះអាសន្នក្រោយចំណតរថយន្ត ថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
បច្ចុប្បន្ន ជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត កាត់ទោសតាមនីតិវិធីច្បាប់៕