រាជធានីភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់គោលជំហរដដែល ដោយរៀបចំមហាបាតុកម្មអហិង្សាចំនួន ៣ ថ្ងៃជាប់ៗគ្នា នៅទីលានប្រជាធិបតេយ្យ ។ កាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៣ ម្សិលមិញនេះគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជម្រាបជូនឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អំពីការជូនដំណឹងស្តីពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី២៣-២៤-២៥ ខែតុលា ឆ្នាំ២០១៣ ។
នៅក្នុងលិខិតនោះបានបញ្ជាក់ទៀតថា មហាបាតុកម្មអហិង្សានេះ នឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៧ព្រឹក នៅថ្ងៃទី២៣ ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការសម្តែងមតិរបស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ និងការដង្ហែក្បួនយកញត្តិទៅប្រគល់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងស្ថានទូតនានាប្រចាំប្រទេសកម្ពុជា ដូចជា ៖ ស្ថានទូតបារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូតអូស្ត្រាលី ៕