សម្រស់សុភាពនារី មានកត្តាជាច្រើនដែលបង្ហាញនូវភាពសិចស៊ី រួមផ្សំទាំងសក់ផងដែរ ។ សក់ស្អាត រស់រវើក ជាការចាប់អារម្មណ៍ពីសំណាក់អ្នកនៅជុំវិញ ។ ខាងក្រោមនេះជាកំហុសឆ្គងមួយចំនួន ដែលបណ្តាលឲ្យសក់ខូច ៖
១.ប្រើក្រាស់សិតសក់ចាស់ និងកខ្វក់ អ្នកត្រូវចេះលាងសម្អាតក្រាស់សិតសក់ជាប្រចាំ ដោយការបោចសក់ចេញពីក្រាស់ និងដុសសម្អាតដីធូលី និងក្អែលចេញពីក្រាស់។
២.ប្រើកៅស៊ូចងសក់តឹងៗ អ្នកមិនគួរប្រើកៅស៊ូកងជ័រ មកចងសក់អ្នកទេ គួរតែរើសយកកៅស៊ូបែបក្រណាត់វិញ ដើម្បីកុំឥ្យបាក់សសៃសក់ តឹងពេក ធ្វើឥ្យឈឺក្បាល។ គួរចងល្មមៗ ធូរៗ ឬប្រើដង្កៀបវិញ។
៣.ប្រើធាតុផលិតផលគីមីច្រើនពេក ការលាបពណ៌ច្រើន ហាយឡាយ ឬតុបតែងដោយផលិតផលច្រើនពេក មិនមានជារឿងល្អសម្រាប់សក់នោះទេ។ បើអ្នកជៀសវាងមិនប្រើមិនបាន អ្នកគួរកំណត់បរិមាណប្រើមិនឥ្យលើសលប់ និងត្រូវស្ទុះស្ទារកថ្នាំជំនួយសក់ និងព្យាបាលឲ្យល្អវិញ។
៤.ប្រើកំដៅខ្លាំងពេក ប្រើកំដៅម៉ាស៊ីនផ្លុំសក់ខ្លាំងពេក ធ្វើឲ្យសក់ស្ងួត និងរឹង ហើយគ្មានសំណើមសោះ។ អ្នកត្រូវប្រើកម្ដៅល្មមៗ សន្សឹមៗកុំប្រញាប់ប្រញាល់ក្នុងការសម្ងួតសក់។ ដាក់កំដៅណាដែលធ្វើឲ្យស្បែកក្បាលអ្នកមានអារម្មណ៍ល្អស្រួល។ អ្នកគួរប្រើថ្នាំជំនួយសក់បើសិនអ្នកត្រូវផ្លុំសក់រាល់ថ្ងៃ។
៥.មិនប្រើស្ព្រៃយ៏ជំនួយសក់ពេលតុបតែង ត្រូវបាញ់ស្ព្រៃយ៏ជំនួយសក់ មុនពេលតុបតែងដោយប្រើម៉ាស៊ីនគាប ឬផ្លុំ ដើម្បីការពារសក់បែកចុង និងរឹងគ្មានជីវិត។ បាញ់តិចៗលើចុងសក់ដែលកំពុងតែសើមតិចៗ ជិតស្ងួត។
៦.ទុកសក់វែងពេកដោយមិនកាត់ចេញខ្លះ អ្នកគួរទៅតម្រឹមសក់ឲ្យបានញឹកញាប់ពេលសក់អ្នកលូតលាស់វែង ដើម្បីជៀសវាងបញ្ហាសក់បែកចុងដែលវាអាចវិវត្តន៏កាន់តែអាក្រក់ទៅ បើសិនមិនចាត់វិធានការទុកជាមុន។ អ្នកគួរទៅតម្រឹមចុងសក់តិចៗ រៀងរាល់ខែ ឬ២ខែម្តងក៏បាន។ ការតម្រឹមសក់មិនត្រឹមតែជួយកម្ចាត់សក់បែកចុងទេ ថែមទាំងជួយឲ្យសក់ដុះកាន់តែលឿនទៀតផង។
៧.សិតសក់ចាប់ពីគល់សក់ចុះក្រោម ការសិតសក់ដោយចាប់ផ្តើមពីគល់សក់ចុះមកក្រោម អាចបណ្តាលឲ្យមានសក់ជំពាក់ សក់ជ្រុះ និងបាក់។ អ្នកគួរចាប់ផ្តើមសិតសក់តិចៗ ដោយបែងចែកសក់ជា ៣ ឬ៤ដុំ ហើយចាប់សិតពីចុងសក់មកវិញ ដើម្បីជៀសវាងសក់ជំពាក់។
៨.សិតសក់ពេលសក់កំពុងសើម ពេលសក់កំពុងសើម ស្បែកក្បាលកំពុងតែទន់ខ្សោយ ហើយសក់មិនរឹងមាំ។ ការសិតសក់ពេលសក់នៅសើម វាធ្វើឲ្យសក់បែកចុង និងជ្រុះច្រើន។ បើអ្នកចង់សិត អ្នកគួរជ្រើសរើសក្រាស់ដែលមានធ្មេញធំ។ ហើយអ្នកក៏មិនគួរជូតសំអាតសក់ដោយកន្សែង ឬក្រមាខ្លាំងៗពេកដែរ។
៩.ប្រើផលិតផលជំនួយសក់ច្រើនហួសកំណត់ ការប្រើផលិតផលជំនួយសក់ជាការល្អចំពោះសក់ ប៉ុន្តែអ្នកមិនគួរប្រើហួសកំណត់ឡើយ។ វាមិនត្រឹមតែមិនធ្វើឲ្យសក់ស្អាត តែបែរជាធ្វើឲ្យសក់ចេញខ្លាញ់ ច្រើន ឬស្ងួតខ្លាំងលើសដើមទៅវិញ។ មុននឹងប្រើអ្នកគួរពិនិត្យមើលរបៀបប្រើប្រាស់ និងបរិមាណ ជាមុនឲ្យបានច្បាស់លាស់សិន។
១០.មិនប្តូរសាប៊ូកក់សក់សោះ ស្ត្រីភាគច្រើនគិតថា មិនគួរប្តូរសាប៊ូកក់សក់ដែលខុសពីផលិតផលដែលកំពុងប្រើប្រាស់នោះទេ ព្រោះវាអាចធ្វើឲ្យកើតអង្គែរ និងសក់មានសុខភាពមិនល្អ នេះជារឿងមិនពិតទេ។ អ្នកត្រូវចេះផ្លាស់ប្តូរសាប៊ូពេលដែលសក់អ្នកប្រែប្រួល ដូចជាការលាបពណ៌ថ្មី ឬហាយឡាយជាដើម៕