រាជធានីភ្នំពេញ ៖ ដោយសារបញ្ហាទឹកជំនន់ជន់លិចខេត្ត-ក្រុងមួយចំនួន ការចុះឈ្មោះ និងពិនិត្យមើលឈ្មោះបោះឆ្នោតត្រូវបានរាំងស្ទះ ដូចនេះគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបន្ថែមរយៈពេលនៃការចុះឈ្មោះ និងពិនិត្យមើលឈ្មោះបោះឆ្នោត ។
លោក ទេព នីថា អគ្គលេខាធិការ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញថា ខេត្ត-ក្រុងចំនួន ១០ ដែលត្រូវបន្ថែម មាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្តាល ក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ ។ មូលហេតុនៃការបន្ថែមរយៈពេលនៃការចុះឈ្មោះបោះឆ្នោតសម្រាប់ឃុំ សង្កាត់ខាងលើ ដោយសារឃុំ សង្កាត់ទាំងនោះ ត្រូវលិចលង់ដោយទឹកជំនន់ និងទឹកភ្លៀង។
សូមរំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៣ មានរយៈពេល២០ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ខែតុលា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៣ ។ ដូចនេះឃុំ សង្កាត់ដែលត្រូវបានបន្ថែមរយៈពេល ៣ ថ្ងៃទៀតនោះ គឺចប់ត្រឹមថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៣៕