ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានក្រសោបក្រុមចោរ ៣ នាក់ ខណៈដែលបែងចែកផលប្រយោជន៍មិនស្មើគ្នា ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះបានផ្ទុះឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៣ក្នុងវង់ផឹកមួយនៅភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហើយត្រូវសមត្ថកិច្ចតាមចាប់រហូតដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នេះកាលម៉ោង២និង២៤ នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ នៅភូមិមិត្ដភាព សង្កាត់-ក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង៣នាក់នេះមាន ទី១-ឈ្មោះ ទឹង វាសនា ហៅអាយួន អាយុ២៩ឆ្នាំ ជា ជាងជួសជុលម៉ូតូ នៅភូមិក្បាលស្ពាន១, ទី២-ឈ្មោះ អាន ជប៉ុន អាយុ២៩ឆ្នាំ ជាមេខ្យល់ រស់នៅមណ្ឌល៧ សង្កាត់-ក្រុងប៉ោយប៉ែត និងទី៣-ឈ្មោះ ឃុន ឆើត អាយុ២៣ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅភូមិក្បាលស្ពាន១ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យថា មុនពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ទឹង វាសនា ហៅអាយួន មានជម្លោះ ជាមួយឈ្មោះ ឃុន ឆើត ក្នុងវង់ផឹកស៊ីរឿង ប្រាក់២ពាន់បាត ។ ស្រាប់តែពេលនោះ ឈ្មោះ ឃុន ឆើត បានវាយអាយួន ប៉ុន្ដែពេលនោះជនរងគ្រោះឈ្មោះ អាយួន បានប្ដឹងមកសមត្ថកិច្ចឱ្យជួយរក យុត្ដិធម៌ ។ ក្រោយពីទទួលបានបណ្ដឹង ហើយនគរបាលក្រុងប៉ោយប៉ែតក៏បាន កោះហៅជនទាំង៣នាក់នោះមកសួរនាំ ស្រាប់តែបែកធ្លាយរឿងលួចកាច់សោម៉ូតូទៅវិញ ។
ប្រភពខាងលើឱ្យដឹងទៀតថា ពេលឆែកឆេរម៉ូតូទឹង វាសនា ហៅអាយួន ក៏ ឃើញមានឧបករណ៍កាច់សោម៉ូតូនៅ ក្រោមកែប ព្រមទាំងមានចម្លើយសារ ភាពរបស់ជននេះផងដែរ ។ បន្ទាប់ពី មានចម្លើយសារភាពពីឈ្មោះ ទឹង វាសនា នគរបាលក៏បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យជាបន្ដបន្ទាប់រួមទាំងវត្ថុតាងមាន គ្រឿងបន្លាស់ម៉ូតូមួយចំនួនទៀតផង ។ ក្រោយពី សួរចម្លើយរួចហើយសមត្ថ កិច្ចបានបំពេញសំណុំបែបបទជនសង្ស័យ ទាំង៣នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ដបន្ទាយមានជ័យដើម្បី ដោះស្រាយតាមផ្លូវច្បាប់ ៕