រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន ប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចបន្លំយកម៉ូតូ មិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវលេខ២០០២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ៅ ចំរើន អាយុ២៩ឆ្នាំ មុខរបរដើររើសអេតចាយស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចម៉ាឆាលី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ដ.២២៧៧ ភព១ ។ ម្ចាស់ម៉ូតូមានឈ្មោះ មាស លីដា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួលម្ដុំ កន្លែងកើតហេតុមានស្រុកកំណើតភូមិ-ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
តាមការរៀបរាប់ពីស្ដ្រីម្ចាស់ម៉ូតូនិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមកលក់បន្លែដូចសព្វដង ហើយបានយកម៉ូតូទុកក្បែរគ្រែអ្នកលក់បង្អែមចម្ងាយ៥ម៉ែត្រ ។ ពេលនោះជនសង្ស័យក៏បន្លំជិះម៉ូតូរបស់គាត់ចេញ គាត់ឃើញទាន់ក៏ស្រែកថាចោរៗ ហើយទាំងអ្នករត់ម៉ូតូឌុបនិងប្រជាពលរដ្ឋដេញតាម និងបានដឹងដល់សមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបាន ភ្លាមៗផងដែរ ។ បន្ទាប់ពីឃាត់ ខ្លួនបាននាំយកសាកសួរនៅប៉ុស្ដិ៍ទឹកថ្លា និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្ត ៕