ប្រទេសចិន ៖ បណ្តាប្រិយមិត្តអ៊ីនធើរណែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូឃ្លីបមួយ បានបង្ហាញពីសកម្មភាពសម្តែងក្បាច់គុនកុងហ្វូគួរស្លុតរន្ធត់ និងស្រៀវសាច់បំផុត រវាងបុរសជាឪពុក និងកូនរបស់គាត់ជាទារកទើបតែមានអាយុជាង១ឆ្នាំប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពីគេហទំព័រ ដាន់ទ្រី របស់វៀតណាម បានឲ្យដឹងថា បុរសជាឪពុកម្នាក់មកពីខេត្ត Guangdong ប្រទេសចិន បានសម្តែងលើកបោះ និងគ្រវែងបង្វិលកូនរបស់ខ្លួនចុះឡើងៗដែលមើលទៅគួរឲ្យប្រឈមនឹង គ្រោះថ្នាក់បំផុត។ ប៉ុន្តែអ្វីដែលគួរឲ្យកោតសរសើរនោះ គឺទារកដែលទើបមានអាយុ ១ ឆ្នាំកន្លះប៉ុណ្ណោះ អាចឈរជើងមួយនៅលើដៃឪពុកបានដោយគ្មានការកាន់ទប់ ឬជំនួយអ្វីឡើយ។
បើតាមប្រភពបានឲ្យដឹងថា ការសម្តែងដ៏គួរញាក់សាច់នេះ ត្រូវបានឪពុករូបនោះនិយាយថា គាត់បានហាត់ពត់កូនរបស់គាត់ក្នុងវ័យខ្ចីបែបនេះ គឺក្នុងគោលបំណងដើម្បីជួយកូនឲ្យមានឆ្អឹងរឹងមាំកាន់តែខ្លាំងឡើងៗ និងសង្ឃឹមថាវាអាចក្លាយកំពូលអ្នកក្បាច់គុនសាវលីង "កុងហ្វូ" និងជាជើងឯកផ្នែកកាយសម្ព័ន្ធម្នាក់នៅថ្ងៃអនាគត៕