រាជធានីភ្នំពេញ ៖ ជនសង្ស័យក្លែងភេទពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍វត្ដភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយពីពួកគេ បានធ្វើសកម្ម ភាពលួចកាបូប របស់បុរសជនជាតិចិន កាលពីវេលាម៉ោង១២និង១០នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅខាងជើងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ផ្លូវលេខ៩៦ ភូមិទី១ សង្កាត់ វត្ដភ្នំ ខណ្ឌដូនពេញ ។
ប្រភពពីមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះសេង តុលា អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ ឈ្មោះ ហៃ ណែត អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំង សាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ដោយឡែកជនរងគ្រោះ ឈ្មោះស៊ូដុងយូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មានមុខរបរ ជាអ្នកគ្រប់គ្រងនៅរោងចក្រហ៊ូយី ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩០៧ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពដដែលបានបន្ដថា មុន ពេលកើតហេតុ នៅវេលាម៉ោង១០យប់ថ្ងៃ ទី១៤ ខែតុលា ជនរងគ្រោះនិងមិត្ដភក្ដិ ជិះ ម៉ូតូមួយគ្រឿង ម៉ាក ប្រេស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D-8169 តាម ផ្លូវព្រះមុនីវង្ស លុះដល់ចំណុចកើតហេតុ ក៏ ឈប់ម៉ូតូ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ដើរ មកក្បែរធ្វើសកម្មភាពឆក់យកកាបូបលុយ ក្នុងហោប៉ៅខាងឆ្វេង របស់ជនរងគ្រោះ រួចរត់គេចខ្លួន ។ ភ្លាមៗនោះជនរងគ្រោះ បានស្រែកឆោឡោ រួចកម្លាំងនគរបាលប៉ុស្ដិ៍វត្ដភ្នំ បានចុះទៅជួយអន្ដរាគមន៍ ភ្លាមៗតាមរយៈ ការឃាត់ខ្លួនជនសង្ស័យ ខណៈដែលជនសង្ស័យម្នាក់ទៀត យកកាបូបលុយ របស់ជនរងគ្រោះ គេចខ្លួន ដោយសុវត្ថិភាព ដោយក្នុងកាបូបនោះ មានលុយ២០០ដុល្លារ និងលុយខ្មែរ ២ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ៕