តើ​សារ​​ណែនាំ​របស់​សាលា​រាជធានី​មាន​ប្រសិទ្ធិភាព​ទេ សម្រាប់ រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់ គ្រប់​ប្រភេទ​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដើម្បី​បញ្ចៀស​នូវ​ការកកស្ទះ​ចរាចរណ៍ នា​ព្រឹក​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៣ លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការពិនិត្យ​ផែនការ​បញ្ជៀ​ស​រថយន្ត ធុន​ធ្ងន់​ចូលក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ អង្គភាព មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប ។ ផែនការ​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខនេះ​តទៅ ។​

 

​នៅក្នុង​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហាញថា លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន រាជធានី សហការ​ជាមួយ សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចេញ​លិខិត​ជូនដំណឹង​ជា បន្ទាន់​នៅ​ល្ងាច​ថ្ងៃទី ១៤ ខែ តុលា ដើម្បី​ជូនដំណឹង​ជាបន្ទាន់​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ក្នុង​រាជធានី​ភ្នំពេញ បានដឹង​ជាមុន មុននឹង​សមត្ថកិច្ច​ចាប់ផ្តើម​អនុវត្ត​នូវ​វិធានការណ៍​នេះ ។ លោក​អភិបាល​បានបញ្ជាក់ ទៀតថា គុណភាព និង​តម្លៃ​នៃ​សេចក្តីជូនដំណឹង​វា​ស្ថិតនៅលើ​អ្នកអនុវត្ត តែបើ​អ្នកអនុវត្ត​នៅតែ​មិន​ធ្វើ​សេចក្តីជូនដំណឹង​នេះ​ពិតជា​គ្មាន​តម្លៃ ហើយ​យើង​បាន ត្រឹមតែ​និយាយ​តែប៉ុណ្ណោះ ។ លោក​អភិបាល បាន​បន្តទៀតថា បច្ចុប្បន្ន មាន​រថយន្ត​ដឹក​ធ្ងន់ និង​រថយន្ត​ធុន​ធំ​ជាច្រើន​បានធ្វើ​ចរាចរណ៍​ចូលមកក្នុង​ទីក្រុង ហើយ​វា​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង ខ្លាំង​ដល់ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ បង្ក​ការកកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ចរាចរ​យ៉ាងធ្ងន់ធ្ង​រ និង​បានធ្វើ​ឲ្យ​ខូច​ផ្លូវ​ជាច្រើន​កន្លែង​ទៀតផង ហើយ​បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ផងដែរ ។ តាមរយៈ ផែនការ​នេះ ឯកឧត្តម​អភិបាល រំពឹងថា សាលា​រាជធានី​ភ្នំពេញ សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​ផែនការ​បញ្ជៀ​ស​រថយន្ត​ធុន​ធ្ងន់ ចូលក្នុង​រាជធានី​ភ្នំពេញ​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

 

​ផ្អែក​តាម​ពង្រាង​សេចក្តីជូនដំណឹង​របស់ សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់ គ្រប់​ប្រភេទ ដែល​ចេញ​-​ចូល​ទីក្រុង​តាម​ខណ្ឌ​ទាំង ០៤ របស់​រាជធានី​ភ្នំពេញ រួមមាន ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌ​៧​មករា និង​ខណ្ឌចំការមន គឺ​ត្រូវបាន​ហាមឃាត់​ការធ្វើ​ចរាចរ​នៅពេល​ថ្ងៃ​ចាប់ពី​ម៉ោង ០៥ ព្រឹក ដល់​ម៉ោង ២១ យប់ ហើយ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ទាំងនេះ​អាចធ្វើ​ចរាចរណ៍​បានតែ​នៅពេល​យប់​ប៉ុណ្ណោះ គឺ ចាប់ពី​ម៉ោង ២១ យប់ រហូតដល់​ម៉ោង ០៥ ព្រឹក ។ ចំពោះ​រថយន្ត​ដែលមាន​ទំងន់​ចាប់ពី ៣,៥ តោន ឡើងទៅ ចាត់ទុកជា រថយន្ត​ធុន​ធំ​ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ក្រុង​ពេល​ថ្ងៃ​ឡើយ​។​

 

​បច្ចុប្បន្ននេះ​រថយន្ដ​ដឹក​ធ្ងន់​និង​រថយន្ដ​ធុន​ធំ​ចូលក្នុង​ក្រុង​បាន បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ បង្ក​ការកកស្ទះ​ចរាចរណ៍ បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ខូច​ផ្លូវ​ជាដើម ដែល​តែង​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ សាលា​រាជធានី​ភ្នំពេញ​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​ចូលរួម​អនុវត្ដ​វិធាន​ការហាម មិនឱ្យ​រថយន្ដ​ដឹក​ធ្ងន់​ចូល​ក្រុង​ឱ្យមាន​ប្រសិទ្ធភាព ។​

Untitled-1

​គេ​សង្កេត ឃើញថា សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​វិធានការ​ក្ដៅ​ចំពោះ​រថយន្ដ​ធំៗ​ដឹក ធ្ងន់ៗ មិន​ឱ្យចូល​ក្រុង​ច្រើនលើកច្រើនសា​មកហើយ តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ។ ជាងនេះទៅទៀត វិធាន​ការមិន​អនុញ្ញាតឱ្យ​ដេប៉ូ​លក់​ខ្សាច់កណ្ដាល​ក្រុង​គ្មាន​ប្រសិទ្ធភាព​នោះឡើយ ។ យ៉ាងណាក៏ដោយ គេ​រំពឹងថា លើក​នេះ​មិនមែនជា​វិធានការ​គោះ​ទឹក​បង្អើល​ត្រី​នោះទេ តែ​ជា​វិធានការ​ក្ដៅ​ស្ដារ​ប្រជាប្រិយ ភាព​យ៉ាងពិត​ប្រាកដ ៕

 

Leave a Reply

(*) Required, Your email will not be published