រាជធានីភ្នំពេញ ៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះចូលរោងការ ស្រាប់តែ កម្មការិនីកាត់ដេរដ៏ស្រស់សោភាបានវេចបង្វេចរត់តាមសង្សារបាត់ បន្សល់ក្តីអាម៉ាស ធ្វើឱ្យឪពុកម្តាយ បងប្អូនដែលជាអ្នកផ្តួចផ្តើមរៀបមង្គលការបាក់មុខ បាត់បង់កិត្តិយស អាចត្រូវសងបណ្តាការទៀតផង ។ បុរសជាបងប្រុស ដែលមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចត្រូវបានគេស្គាល់ឈ្មោះ ឈូក ធា អាយុ២៥ឆ្នាំ មានទី លំនៅ ផ្ទះជួល ក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយការមកដាក់ពាក្យបណ្ដឹងនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ។
តាមពាក្យបណ្តឹងដែលបានប្រគល់ឲ្យសមត្ថកិច្ចបង្ហាញថា កូនក្រមុំនេះឈ្មោះ ឈូក ម៉ាលីស ហៅសារិស្រី អាយុ១៧ឆ្នាំ ជាកម្មការិនីកាត់ដេររោងចក្រ មានទីលំនៅផ្ទះជួលក្បែររោងចក្រ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពខាងលើបាន ឱ្យដឹងទៀតថា នារីខាងលើនឹងចូលរោងការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ ប៉ុន្ដែ នាងត្រូវបានបាត់ពីផ្ទះជួលនៅរាជធានីភ្នំពេញ ធ្វើឱ្យគេសង្ស័យថា នាងទៅជាមួយនឹងមនុស្សប្រុសដែលខ្លួនស្រឡាញ់ ។ ជុំវិញរឿងរ៉ាវ ខាងលើនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែហាក់មានការលាក់លៀម ព័ត៌មានដោយខ្លាចអ្នកសារព័ត៌មានដឹងរឿងរ៉ាវទាំងនេះ ៕