ខេត្តកំពង់ចាម ៖ មានករណីប្លន់យកទ្រព្យ កណ្តាលក្រុងកំពង់ចាម បណ្តាលឲ្យមនុស្សពីរនាក់បានរងរបួសធ្ងន់ ខណៈដែលក្រុមចោរបានចាប់ចងកូនម្ចាស់ផ្ទះ២នាក់ អារ.ក និងវាយឱ្យរបួសរួចប្រមូលយកទ្រព្យសម្បត្តិសន្ឋឹកសន្ឋាប់គេចខ្លួនបាត់ស្រមោល ពេលឪពុកម្តាយមិននៅផ្ទះ នៅជាមួយស្ត្រីបម្រើអាយុប្រហែល៥០ឆ្នាំ ។ អំពើប្លន់ដ៏សាហាវ និងកក្រើកក្រុងកំពង់ចាមនេះ កើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី១៤ តុលា ២០១៣ ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
យោងតាមប្រភពពីរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កូនម្ចាស់ផ្ទះដែលរងរបួស១-ឈ្មោះពៅ សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវចោរវាយនិងអារ.ក របួសធ្ងន់ និង២-ឈ្មោះពៅ សំណាង ភេទប្រុស អាយុ១២ឆ្នាំ ត្រូវចោយវាយរងរបួស ។ ទ្រព្យសម្បត្តិដែលក្រុមចោរប្រមូលយកទៅអស់ នោះមាន លុយ២០លានរៀន មាសជាង៣តម្លឹង ផ្លាទីន៦តម្លឹង និងម៉ូតូឌ្រីមសេ១២៥ស៊េរី២០១៣ មួយគ្រឿង ។
ប្រភពខាងលើដដែលបានបន្ថែមទៀតថា ចោរ ២ នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងកូនកាំបិតចុងស្រួចមួយ បានចូលធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ដោយ ចាប់ចងកូនម្ចាស់ផ្ទះ២នាក់ អារ.ក និងវាយឱ្យរបួស រួចប្រមូលយកទ្រព្យសម្បត្តិសន្ឋឹកសន្ឋាប់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចបានហៅស្ត្រីបំរើទៅសាកសួរនៅអធិការដ្ឋានក្រុងកំពង់ចាម ដើម្បីវែកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕