ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ ៣ នាក់ត្រូវបានប្រជាពលរដ្ឋធ្វើការព័ទ្ធចាប់ ខណៈដែលពួកគេធ្វើសកម្មភាពបំពុលឆ្កែចបំណងលួចទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាយប់ថ្ងៃទី១៤ តុលា ២០១៣ ស្ថិតក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនោះរួមមាន១-ឈ្មោះស៊ឹម ប៉ិច មានទីលំនៅក្នុងភូមិគោក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ២-ឈ្មោះប៊ុន ណាន ភេទប្រុស អាយុ៣៥ឆ្នាំ និង៣-ឈ្មោះងួន ស្រុង អាយុ៣០ឆ្នាំ ទាំង២នាក់ មានទីលំនៅក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ។ ជនសង្ស័យទាំង៣នាក់នេះបានធ្វើសកម្មភាពបំពុលឆ្កែងាប់អស់ចំនួន ៤ ក្បាល នៅឃុំតាលោ ស្រុកបាកាន ក្នុងនោះ៣ ក្បាលនៅក្នុងថ្មី របស់ម្ចាស់ផ្ទះឈ្មោះគុន អុល ភេទប្រុស អាយុ៤០ឆ្នាំ ។
ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា ក្រោយពីម្ចាស់ផ្ទះបានលង់លក់ ជនសង្ស័យទាំង ៣ នាក់បានធ្វើសកម្មភាពបំពុលឆ្កែនេះ ប៉ុនប៉ងលួចម៉ូតូ គោក្របីរបស់ប្រជាពលរដ្ឋ ប៉ុន្តែដោយសារប្រជាពលរដ្ឋភ្ញាក់ទាន់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕