រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើងជាច្រើនទាំងកណ្តាលរាត្រី បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលយុវជនម្នាក់បានដេកដួលក្នុងថ្លុកឈាម ។ ហេតុការទាស់សម្តី ហើយឈានដល់ការបាញ់បោះសេរីនេះ បានកើតឡើងកាល កាលពីវេលាម៉ោង១២ និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៥ តុលា ២០១៣ ស្ថិតនៅចំណុចភ្លើងស្តុបមន្ទីរពេទ្យអង្គឌួង កែងមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់មានឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករហាងនំប៉័ងសែនសុខ៩៩៩ មានទីលំនៅផ្ទះជួលក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ដោយត្រូវខ្មាន់កាំភ្លើងបាញ់ឲ្យរបួសត្រង់ពោះផ្នែកខាងស្តាំធ្លាយមកខ្នងខាងឆ្វេង ។
ប្រភពពីកន្លែងកើតហេតុបង្ហាញថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រកឃើញតែ រកឃើញសម្បកគ្រាប់ប្រភេទកា៥៤ ចំនួន៣ ។ ចំពោះខ្មាន់កាំភ្លើងបានគេចខ្លួនដោយសុវត្ថិភាព ពុំរំខានសមត្ថកិច្ចទេ ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូមកកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុឈានដល់ការផ្ទុះអាវុធនេះ មិនមែនករណីប្លន់នោះទេ គឺផ្តើមចេញពីជិះម៉ូតូប្រជែងគ្នា និងទំនាស់ពាក្យសម្តីតែប៉ុណ្ណោះ៕