រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី១៤ តុលា ២០១៣នេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨តុលា ២០១៣ ខេត្តចំនួន១៣ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរក្នុងនោះរួមមានខេត្ត ព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពងចាម កំពង់ធំ ព្រៃវែង ស្វាយរៀង កោះកុង កែប កំពត និង ខេត្តព្រះសីហនុ ហើយរលកសមុទ្រនឹងមានកម្ពស់ពី០១ម៉ែត្រទៅ០២ម៉ែត្រ ។
មូលហេតុបង្កឲ្យមានភ្លៀងធ្លាក់នៅតាមខេត្តទាំង១៣ខាងលើ ដោយសារឥទ្ឋិពលព្យុះ ណារិ ដែលនឹងធ្វើដំណើរមកដល់ឆ្នេរសុទ្រប្រទេសវៀតណាមភាគកណ្តាលនៅថ្ងៃទី១៦ តុលា ២០១៣ខាងមុខ ។ សេចក្តីជូនដំណឹងដដែលក៏បានបញ្ជាក់ទៀតថា ឥទ្ឋិពលព្យុះ ណារិ ក៏នឹងធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើងវិញបន្តិចដែរ ។
ជាមួយគ្នានេះក្រសួងធនធានទឹកនិងឧតុនិយមក៏បានអំពាវនាវឲ្យប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុង្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕