រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយការលោតទឹកសម្លាប់ខ្លួននៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា តែមិនបានសម្រេច ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពី ម៉ោង ៧ យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៣ ។
ស្ត្រីដែលមានបំណងសម្លាប់ខ្លួនខាងលើ មានឈ្មោះ ហឿង សុខគីម អាយុ១៨ឆ្នាំ មានកូនក្នុងផ្ទៃ២ខែហើយជាកូនភ្លោះទៀត មានស្រុកកំណើតនៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មកស្នាក់នៅជាមួយប្តី(ឥតខាន់ស្លា) រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកប្តីឈ្មោះ ស្រី សីហា អាយុ ២០ ឆ្នាំ ជាយោធានៅកងកងពលវិស្វកម្ម ៧១៤ ។
តាមការរៀបរាប់របស់ស្ត្រីរូបនេះ បានបង្ហាញថា មូលហេតុដែលនាងប៉ងធ្វើអត្តឃាតដោយសារម្តាយបង្កើតកាត់កាល ហើយគួបផ្សំនឹងម្តាយក្មេក និងប្តីដេញចេញពីផ្ទះនិងបង្ខំឲ្យយកកូនចេញនោះថែមទៀត ។ ស្ត្រីខាងលើបានបន្តថា នាងបានចេញពីផ្ទះប្តីនៅស្រុកបាធាយតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៣ ដោយមកជួលស្នាក់នៅផ្ទះសំណាក់មួយក្នុងខណ្ឌទួលគោក ។
លុះមកដល់រសៀលថ្ងៃទី១៣ តុលា ក៏បានដើរមកអង្គុយលើស្ពានជ្រោយចង្វារ និងដើរចុះដើរឡើងប៉ងលោតទឹកសម្លាប់ខ្លួន ទើបសមត្ថកិច្ចសង្ស័យក៏ហៅសួរនាំនិងបានលួងលោមណែនាំ។បច្ចុប្បន្នសមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារនិងប្តី ដើម្បីយកស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញ ៕