ប្រទេសឥណ្ឌា ៖ យ៉ាងហោចណាស់មានមនុស្ស ៩១ នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួសក្នុងព្រឹត្តិការណ៍ផ្អើលរត់ជាន់គ្នាមួយនៅលើស្ពានមួយនៅក្នុងពិធីបុណ្យបួងសួងក្នុងស្រុក Datia នៃប្រទេសឥណ្ឌា បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស ។ នេះបើយោងតាមការរាយការណ៍ឲ្យដឹងរបស់ទីភ្នាក់ងារ AP ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលមានមនុស្ស រាប់ពាន់នាក់បានធ្វើដំណើរប្រជ្រៀតគ្នាឆ្លងកាត់លើស្ពានតែមួយ ដើម្បីចូលរួមក្នុងពិធីបួងសួងប្រចាំឆ្នាំរបស់ពួកគេ។ ជនរងគ្រោះទាំងនោះភាគច្រើនជាស្ត្រីនិងកុមារ ដែលគេបានវាយតម្លៃថា បានស្លាប់និងរងរបួស ដោយសារការរត់ជាន់គ្នា។
យោងតាមប្រសាសន៍របស់មន្ត្រីអ្នកនាំពាក្យប៉ូលិសមូលដ្ឋានបានបដិសេធន៍ការចោទប្រកាន់ដែលថា ប៉ូលិសគឺជាអ្នកបង្កឲ្យមានសោកនាដកម្មខាងលើ។ លោកបានបញ្ជាក់ថា ការរារាំងរបស់ប៉ូលិសនៅពេលនោះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់អ្នកចូលរួមនៅក្នុងកម្មវិធីនេះតែប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេបានវាយបកវិញដោយគប់ដុំថ្មទៅលើប៉ូលិស បង្កឲ្យមានសោកនាដកម្មនេះតែម្តង។
អ្នកដំណើរដែលបានឃើញ សកម្មភាពរត់ជាន់គ្នានេះ បាននិយាយថា នៅលើស្ពានតូចនេះ មានមនុស្សប្រហែលជា ច្រើនពាន់នាក់ ហើយគាត់បានឃើញ អ្នកខ្លះលោតពីលើស្ពាន អ្នកខ្លះដួលដេក រណូករណែល លើដី ហើយអ្នកខ្លះទៀត បានរត់ជាន់គ្នាពីលើ ធ្វើអោយចេញពីកន្លែងនោះមិនបាន។ ភាគច្រើននៃអ្នកស្លាប់ ៤២នាក់ជាស្ត្រី ៣០នាក់ទៀតជាកុមារ និង បុរស ១៧នាក់ ដែលខណៈពេលនោះ ប្រជាជនឥណ្ឌា ធ្វើដំណើរ នៅលើស្ពាននោះ ដើម្បី ប្រារព្ធពិធី បុណ្យសាសនាហិណ្ឌូ។
គួរបញ្ជាក់ផងដែរថា ស្ពានដែលតូចចង្អៀតនេះ មានប្រវែង ៥០០ម៉ែត្រ និង ទើបតែជួសជុលថ្មីហើយ សារឡើងវិញ បន្ទាប់ពី ករណីការរត់ជាន់គ្នាស្លាប់ កាលពីឆ្នាំ ២០០៧ដែរ។