ប្រទេសវៀតណាម ៖ សពលោកឧត្ដមសេនីយ៍ វ៉ ង្វៀនយ៉ាប់ ដែលជាវីរបុរសដ៏កំពូលមួយរូបរបស់វៀតណាម ដែលប្រជាពលរដ្ឋវៀតណាម គោរពបន្ទាប់ពីលោក ហូ ជីមិញនោះ ត្រូវបានគេយកទៅបញ្ចុះដោយមានវត្តមានចូលរួមពីមន្ត្រីកំពូលៗនៅក្នុងជូររដ្ឋាភិបាល និងប្រជាពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់ ។ ពិធីបញ្ចុះសពនេះធ្វើឡើងនៅក្នុងខេត្ត Quang Binh ដែលជាទឹកដីកំណើតរបស់លោក បន្ទាប់ពីលោកបានទទួលមរណភាពកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងអាយុ ១០២ ឆ្នាំ ។
សពរបស់លោក ង្វៀនយ៉ាប់ ត្រូវបានដាក់លើកាំភ្លើងធំ ដោយមានរថយន្តកាំមីញ៉ុង សណ្តោង ហើយមានប្រជាពលរដ្ឋ និងមន្ត្រីរាជការជាច្រើនហែរហម ក្បួនប្រមាណជា ៤០ គីឡូម៉ែត្រ ។
មរណភាពរបស់លោកង្វៀនយ៉ាប់ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតមួយទៀតសម្រាប់ ប្រជាជនវៀតណាម ដែលវីរបុរសរូបនេះហើយដែលបានធ្វើឲ្យវៀតណាមយកឈ្នះលើ សមរភូមិសង្គ្រាមបណ្ដេញមហាអំណាចធំៗគឺបារាំង និងអាមេរិក ចេញជាមាតុភូមិរបស់ខ្លួនយ៉ាងអាម៉ាស់មុខបំផុតក្នុង អំឡុងទសវត្សរ៍ទី៥០និង៧០។
ដោយបានកើតនៅថ្ងៃទី២៥ខែ សីហាឆ្នាំ១៩១១ លោកង្វៀនយ៉ាប់ មានដើមកំណើតនៅភាគកណ្ដាលខេត្តGuang Binh ជាកូនកសិករក្រីក្រមួយរូប។ លោកបានចូលប្រឡូកក្នុងនយោបាយនាចុងសតវត្សរ៍ទី២០ ហើយចាប់តាំងពីពេលនោះមកកេរ្តិ៍ឈ្មោះរបស់លោក កាន់តែលេចធ្លោឡើងសម្រាប់ប្រជាជនវៀតណាមដែលមិនអាចបំភ្លេចបាន ជាពិសេសក្នុងសង្គ្រាមវៀតណាមរហូតមកដល់សព្វថ្ងៃនេះ៕