ខេត្តក្រចេះ ៖ មនុស្សប្រុសស្រី ៤ នាក់ជាម្ចាស់ផ្ទះ និងមេស៊ីសង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងរឹបអូសបានម៉ូតូចំនួន ២៤ គ្រឿង ឧបករណ៍សម្រាប់លេងល្បែងស៊ីសងភ្នាល់បាល់ ភ្នាល់កន្ទុយលេខមួយចំនួនធំផងដែរ ។ ការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងធំៗដែលកំពុងរីកនៅកណ្តាលក្រុងក្រចេះនេះ ដឹកនាំដោយលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើឡើងរយៈពេល២ថ្ងៃ ជាប់គ្នា គឺថ្ងៃទី១២ និង១៣ តុលា ២០១៣ ក្រោមការដឹកនាំចុះអនុវត្តផ្ទាល់ពីសំណាក់លោកងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងកម្លាំងនគរបាលក្រុងក្រចេះ។
ក្នុងចំណោមមនុស្សប្រុស ស្រី៤នាក់ដែលនគរបាលចាប់ឃាត់ខ្លួនលើមុខជំនួញល្បែងស៊ីសងខុស ច្បាប់នេះ ត្រូវបានគេស្គាល់ឈ្មោះ២នាក់ ដែលម្នាក់ឈ្មោះសូរ គឹមអូន អាយុ៥០ឆ្នាំ ជាម្ចាស់ហាងកាហ្វេរំដួលកាំពី និងម្នាក់ទៀតឈ្មោះគង់ ស្រ៊េង ជាមេល្បែងស៊ីសងកន្ទុយលេខ និងល្បែងភ្នាល់បាល់ដុះស្លែដ៏ធំជាងគេក្នុងខេត្ត។
ជុំវិញការចុះបោសសំអាតទីតាំងបនល្បែងក្នុង ខេត្តនេះ លោកងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានឱ្យដឹងតាមទូរស័ព្ទកាលពី ល្ងាចថ្ងៃទី១៣ តុលា នេះថា តំណាងអយ្យការនឹងពិនិត្យមើលបន្ថែមលើសំណុំរឿងនេះដែលកម្លាំងនគរបាល ក្រុងកំពុងតែកសាងដើម្បីត្រួតពិនិត្យរកម្ចាស់ផ្ទះ និងមេស៊ីសង ហើយក៏អាចឈានដល់ការបញ្ជូនសំណុំរឿងទៅចៅក្រមដើម្បីចាត់វិធានការ បន្ត៕