រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ និងមនុស្សប្រុសស្រី ពីរនាក់ទៀត រងរបួសស្រាល ខណៈដែលរថយន្តហ៊ីយ៉ាន់ដាយដឹកម្នាងសិលា មួយគ្រឿង បើកបុកគូទរថយន្តព្រូសហើយព្យាយាមបើករត់ ក៏ជ្រុលទៅបុកម៉ូតូឌ្រីមមួយគ្រឿងទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៥០នាទី ល្ងាចថ្ងៃទី១០ តុលា ២០១៣ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវ៥៥៥ ស្ថិតក្នុងឃុំស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយដឹកម្នាងសិលា ពណ៌ក្រហម ១គ្រឿង របស់ក្រុមហ៊ុនឯកជន រស្មីម្នាងសិលា ខូអិលធីឌី ពាក់ស្លាកលេខ ភ្នំពេញ 3P-4904 ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កែងផ្លូវ៥៥៥ ស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្តព្រូស ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-3348 ជិះដោយ ២នាក់ ប្តីប្រពន្ធ បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយ។ បន្ទាប់ពីបង្កហេតុហើយរថយន្តហ៊ីយ៉ាន់ដាយខាង លើ បានព្យាយាមបើករត់ ក៏ជ្រលទៅបុកម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿងទៀត ពាក់ស្លាកលេខ តាកែវ 1D-1207 ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងប្រុសស្រី ២នាក់ រងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថ និងប៉ូលិសចរាចរណ៍ បានតាមឃាត់បានទាំងរថយន្ត និងអ្នកបើកបរម្នាក់ រួមទាំងព្រូម្នាក់ នាំខ្លួនយកទៅដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែក តៃកុងឡាន និងព្រូឡាន បានចោទប្រកាន់សមត្ថកិច្ចថា បានវាយដំពួកគាត់ឡើងទ្រោមខ្លួន នៅពេលតាមចាប់ពួកគាត់បាន ហើយពួកគាត់នឹងដាក់ពាក្យបណ្តឹងប្តឹងសមត្ថកិច្ចក្នុងករណីនេះ ផងដែរ៕