ដែន​កោះ​ទាក់ទាញ​បេះដូង​អ្នកទេសចរ ឱ្យស្លុង​ក្នុង​ភព​មនោ​ស​ញ្ជេ​ត​នា​ជ្រាលជ្រៅ​

, , Comment closed

ខេត្ត​កែប ៖ ​កោះទន្សាយ ជា​កោះ​មួយ​ក្នុងចំណោម​កោះ​ទាំង​១៣​ផ្សេងទៀត នៅក្នុង​ដែនសមុទ្រ​ខេត្ដ​កែប​នៃ​ប្រទេស​កម្ពុជា ព្រះ​រា​ជា​ណា​ចក្រ​អច្ឆរិយៈ​។ បច្ចុប្បន្នសក្តានុពល​ទេសចរ​របស់​​រមណីយដ្ឋាន​នេះ បាន​នឹង​កំពុង ជ្រួតជ្រាប​យ៉ាង​ជ្រាលជ្រៅ នៅក្នុង​បេះដូង​អ្នក​ស្នេហា​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង ឱ្យ​នាំគ្នា​អញ្ជើញ​ទៅ​កម្សាន្ត​ទីនោះ​កាន់តែ​ច្រើនឡើង ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល​មិនចេះ​ស្ងប់ស្ងាត់ គួរឱ្យកត់សម្គាល់​។​

 

​កោះទន្សាយ មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​អាគ្នេយ៍​នៃ​ខេត្ត​កែប និង​មាន​ចម្ងាយ​៤.៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ដែលជា​រមណី​ដ្ឋា​ន​អំណោយផល​មកពី​ធម្មជាតិ អាច​និយាយបានថា ជា​មុខព្រួញ​សេដ្ឋកិច្ច​នៃ​ទេសចរណ៍​ដ៏​ល្អ​ប្រណីត​ប្រចាំ​ទី​ខេត្ត​កែប​ទៀតផង​។ យោងតាម​សម្តី​អ្នកស្រុក បាន​តំណាល​ត​គ្នា​ឱ្យដឹងថា “ ឈ្មោះ​កោះទន្សាយ​នេះ ក្លាយ​មកពី​ពាក្យ​រំសាយ ព្រោះ​នៅពេលដែល​ស្តេច​សាគរ​រាជ អស់សង្ឃឹម​ក្នុង​ការតស៊ូ ដោយមាន​ការបែកបាក់​ពល​សេនា និង​បក្ស​ពួកខ្លួន​អស់​ច្រើន ព្រះអង្គ​ក៏បាន​ដឹកនាំ​អ្នក​ដែល​សេសសល់​ឆ្លង​សមុទ្រ មកដល់​កោះ​មួយ​នៅខាងមុខ​ក្រុងកែប ហើយក៏​បានធ្វើ​ការរំសាយ​ទ័ព​នៅ​ទីនោះ​តែម្តង​។ ដោយ​ការហៅ​តៗ​គ្នា​ពី​ជំនាន់​មួយ​ទៅមួយ​ជំនាន់ កោះ​រំសាយ បានក្លាយ​ទៅជា កោះ​អំ​សាយ កោះ​អ​ន្សា​យ លុះ​ក្រោយមក​ក៏​ក្លាយទៅជា កោះទន្សាយ រហូតមកដល់​សព្វថ្ងៃ​នេះឯង ”​។​

សក្តានុពល​ក្នុង​តំបន់​នេះ ញ៉ាំងឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចាប់អារម្មណ៍​បំផុត​នោះ គឺមាន​ច្រើន​អនេក​ហួស​ពី​ការបរិយាយ​។ ជាក់ស្តែង​នៅលើ​តំបន់​ដែន​កោះទន្សាយ​ទាំងមូល មាន​ឆ្នេរ​ចំនួន​២​កន្លែង​យ៉ាង​ធំ​ទូលាយ និង​មាន​ជម្រាល​វែង​ហើយ​មាន​ល្បាក់​រាក់ ដែល​គ្របដណ្តប់​ដោយ​គ្រាប់​ខ្សាច់​សក្បុស ទឹកសមុទ្រ​ថ្លា​ឆ្វង់​ដូច​កញ្ចក់​ចាំង​ឆ្លុះ​ដល់​បាត អាចឱ្យ​យើង​មើលឃើញ​យ៉ាងច្បាស់​នូវ​ពពួក​ផ្កាថ្ម​គ្រប់​ប្រភេទ មាន​សម្រស់​ស្រស់ស្អាត​ប្លែកៗ​ពីគ្នា ”​។ បង្អាក់​សម្តី​បន្តិច ទើប​អ្នកស្រី​បន្ត​ស្រដី​ទៀតថា រីឯ​ខ្យល់អាកាស​ក៏​បរិសុទ្ធ​បក់​មក​ត្រសៀកៗ បង្កើតបានជា​សំឡេង​ទឹករលក​បោក​ប៉ះ​នឹង​ផ្ទាំង​ថ្ម ដែល​ដុះ​ប៉ប្រះ​ផ្ទៃ​ទឹក គួរឱ្យ​ចង់​ចុះ​ងូត​ប្រឡែង​លេង​ជាមួយ​សត្វ​ផ្សោត យ៉ាង​ត្រេកត្រអាល​។​

ចំណែក​ផ្លូវ​ដើរ​កម្សាន្ត​ជុំវិញ​កោះ មាន​ដើម​រុក្ខជាតិ​ស្រស់ត្រកាល ផ្តល់​ម្លប់​ត្រឈឹងត្រឈៃ​ល្មម​នឹង​ត្រជាក់​ស្រួល​អារម្មណ៍ បំពេរ​ដោយ​សំឡេង​បក្សាបក្សី ដែល​ហ្វូង​សត្វ​ទាំងនេះ វា​រមែង​ហិចហើរ​មក​ក្បែរៗ​ច្រាំង នា​វេលា​ថ្ងៃ​រៀប​អស្តង្គត ដើម្បី​ឃ្លាំចាំ​ចាប់​សត្វ​ត្រី​ធ្វើជា​ចំណី​ទៀតផង ។ លើសពីនេះ​សហគមន៍ ក៏មាន​បម្រើ​នូវ​សេវា​ម្ហូបអាហារ​តាម​ភោជនីយដ្ឋាន ផ្ទះសំណាក់​ជា​លក្ខណៈ​បឹង​ហ្គា​ឡូ សម្រាប់​ទុក​ជួល​ជូន​អ្នកទេសចរ ក្នុងតម្លៃ​សមរម្យ និង​មាន​ទូក​ចម្លង​ភ្ញៀវ ពី​ដែន​ម្ខាង​ទៅកាន់​ទីកោះ ដោយ​ទូក​១​គ្រឿង​ជួល​ក្នុងតម្លៃ​២០​ដុល្លារ សម្រាប់​ទម្ងន់​ខ្លួន​របស់​ភ្ញៀវ​ជាតិ​អាច​ផ្ទុក​ចំណុះ​បាន​១០​នាក់ រីឯ​ភ្ញៀវ​បរទេស ផ្ទុក​ចំណុះ​បានត្រឹមតែ​៨​នាក់​ប៉ុណ្ណោះ​។ ចំពោះ​ការធ្វើដំណើរ ត្រូវ​ចំណាយពេល​ប្រមាណ​ជា​៣៥​នាទី​(​ស្ងប់​រលក​) ឬ​៤៥​នាទី ទៅ​១​ម៉ោង (​រលក​ធំ​) ដែល​បច្ចុប្បន្ន យើង​សង្កេតឃើញថា លំហូរ​ចូល​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​កំណើន គួរឱ្យកត់សម្គាល់ ផ្ទុយ​ពី​ពេលមុន គឺ​មានតែ​ភ្ញៀវ​បរទេស ដោយ​ភាគច្រើន​គាត់​ទាំងនោះ ចាប់អារម្មណ៍​ចូលមក​កម្សាន្ត​ទី​រមណីយដ្ឋាន ដែលមាន​លក្ខណសម្បត្តិ​បែបនេះ ”​។​

បច្ចុប្បន្ន​កោះទន្សាយ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជា​អចិ​ន្ត្រៃ​ចំនួន​១៤​គ្រួសារ បន្ថែម​ពីលើ​អ្នក​ស្នាក់អាស្រ័យ​សរុប​២៤​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​៧៩​នាក់ កំពុង​កសាង​ជីវភាព​នៅលើ​ផ្ទៃដី​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ការ៉េ​។ ការ​ចងក្រង​បង្កើតឱ្យមាន​ជា​សហគមន៍​អេកូ​ទេសចរណ៍​នៅលើ​កោះទន្សាយ​នេះ ពិតជា​ធ្វើឱ្យ​ពួកគាត់​មាន​ជីវភាព​ធូរធា បាន​មួយកម្រិត​ទៀត បន្ថែម​ពីលើ​មុខរបរ​នេសាទ​សមុទ្រ​តូចតាច និង​ថែទាំ​ចម្ការ​ដូង​បន្តិចបន្តួច ដោយសារ​តែមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ តែង​ម​កម្សាន្ដ​នៅតាម​បណ្ដោយ​ឆ្នេរ​នេះ​យ៉ាងច្រើន​កុះករ ”​។ កោះទន្សាយ​ឥឡូវនេះ មាន​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ជា​លំដាប់ ព្រោះថា​ពួកគាត់​ចូល​ចិ​ត្ដ​មក​សម្រាកកាយ​ក្នុង​កន្លែង​ស្ងៀមស្ងាត់ ហើយ​គ្មានអ្វី​មក​រំខាន​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ ការអភិវឌ្ឍ​នៅលើ​កោះ​នានា គឺ​ឈរលើ​គោលដៅ​បម្រើឱ្យ​វិស័យ​ទេសចរណ៍ គឺជា​ការឆ្លើយតប​វិជ្ជមាន​មួយ​ទៅនឹង​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ ប្រការ​ដែល​ត្រូវតែ​គិតគូរ​ជា​ជំហានៗ​នោះ គឺ​សេវា​ដឹកជញ្ជូន និង​សេវាកម្ម​នានា​នៅលើ​ដែន​កោះ ដោយ​រាប់បញ្ចូល​ទាំង​ការសាងសង់​ផ្ទះសំណាក់ ត្រូវតែមាន​ម៉ូដ​ទាក់ទាញ ក៏ដូចជា​រក្សា​ឱ្យ​ខាន​តែ​បាន​នូវ​បរិស្ថាន​ធម្មជាតិ​ផងដែរ ”​។​

គុណសម្បត្តិ​ទាំង​អម្បាលម៉ាន ដូច​បាន​រៀបរាប់​ពី​ខាង​ដើមទី គឺជា​ដំណើរ​ដើមចម​មួយ ជំនួយ​ដល់​ការ​ស្រូបយក​លំហូរ​ចូល​នៃ​បណ្តា​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ឱ្យ​អញ្ជើញ​មក​លំហែកាយ​នៅលើ​ទី​រមណីយដ្ឋាន​អេកូ​ទេសចរ​ធម្មជាតិ កោះទន្សាយ នេះ​មិនចេះ​ជិនណាយ​សោះឡើយ​៕

19-m (17) 19-m (18) 19-m (19) 19-m (20) 19-m (21) 19-m (22) 19-m (23) 19-m (24) 19-m (25) 19-m (26) 19-m (27) 19-m (28) 19-m (29) 19-m (1) 19-m (15) 19-m (16)

ប្រភព បុរស​ស៊ី​វិ​ល័យ