ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ដោយមានកំហឹងនឹងប្តី បានសហការជាមួយប្អូនស្រីរបស់ខ្លួន ដោយព្រួតវាយអតីតប្តី ខណៈពេលចេញពីបន្ទប់សវនាការបណ្តាលឲ្យបែកក្បាលហូរឈាមរហាម ។ហេតុការណ៍ផ្ទុះហិង្សានេះ កើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១០ តុលា ២០១៣ នៅក្នុងបរិវេណតុលាការខេត្តពោធិ៍សាត់ ។
ស្ត្រីពីរនាក់ដែលត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបញ្ជាឱ្យចាប់ឃាត់ខ្លួនមានឈ្មោះស៊ុន សុគន្ធី អាយុ ៣២ ឆ្នាំជាប្អូន និងម្នាក់ទៀតឈ្មោះស៊ុន សុគន្ធា អាយុ៣៦ឆ្នាំ ជាបង។ ចំណែកបុរសរងគ្រោះឈ្មោះ ខៀវ គឹមលី អាយុ៣៩ឆ្នាំ ជាប្តីរបស់នាង ស៊ុន សុគន្ធី ។ អ្នកទាំង៣ រស់នៅភូមិកណ្តោល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងទៀតថា ស្ត្រីឈ្មោះ ស៊ុន សុគន្ធី និងបុរសឈ្មោះ ខៀវ គឹមលី មានទំនាស់លែងលះគ្នា ។ កាលពីសប្តាប៍មុនបានចូលសវនាការម្តងហើយ តែមិនទាន់សម្រេច ដោយពេលនោះប្រពន្ធបានយកស្បែកជើងកែងចោតវាយក្បាលប្តីម្តងរួចមក ហើយលុះនៅថ្ងៃទី១០ តុលា នេះតុលាការបានកំណត់ឱ្យចូលសវនាការម្តងទៀត។ បន្ទាប់ពីសវនាការបានបញ្ចប់តាមនីតិវិធីរួចចេញមកក្រៅបន្ទប់សវនា ការស្រាប់តែស្ត្រីជាប្រពន្ធ និងបងស្រីព្រួតគ្នាចាប់ក្របួចក.អាវយកដុំថ្មគប់ក្បាលប្តីបែក ឈាមរត់ពេញបរិវេណតុលាការ។
ក្រោយកើតហេតុជនរងគ្រោះដែលជាអតីតប្តីត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯស្ត្រីដៃដល់ទាំង ២ នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ថែមទៀត ៕