រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់រងរបួសធ្ងន់ ខណៈដែលរថយន្តទួរីស ប្រភេទសាំយ៉ុងមួយគ្រឿង ផ្ទុះកង់រួចក្រឡាប់។ ហេតុការណ៍ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីម៉ោង ១ និង ១៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទួរីស ប្រភេទសាំយ៉ុង ពណ៌ស្លែមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2P-7927 ដឹកផ្លែឈើពេញ ជិះគ្នា២នាក់ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើកង់ទាំង៣គ្រាប់បានផ្ទុះបណ្ដាលឲ្យរថយន្តក្រឡាប់ ទទឹងផ្លូវចាក់ផ្លែឈើចោល ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកអ្នកបើកបររថយន្ត រងរបួសធ្ងន់ ។ សាកសពត្រូវបានគេស្គាល់ឈ្មោះ ងិន ស្រីធូយ៉ាង អាយុ៤៥ឆ្នាំ មុខរបរជាអ្នកលក់ផ្លែឈើ ។ ស្នាក់នៅ ខេត្តអាយ៉ាង ប្រទេសវៀតណាម ។
តាមប្រភពពីបងប្អូនសាកសពឲ្យដឹងថា ជនរងគ្រោះបានដឹកផ្លែឈើពីប្រទេសវៀតណាម តាមច្រកភ្នំដិន យកទៅលក់នៅផ្សារនាគមាស ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្ត ក៏ផ្ទុះកង់ក្រឡាប់ស្លាប់តែម្ដងទៅ។ ចំណែកអ្នកដែលរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សាកសពត្រូវបានសាច់ញាតិ ដឹកយកទៅ ប្រទេសវៀតណាម ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ៕