រដ្ឋាភិបាល​ចិន ចង់​ឲ្យ​មាន សន្តិភាព​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

, , Leave a comment

​ប្រទេស​ព្រុយ​ណេ ៖ យោងតាម​ប្រភពព័ត៌មាន AP បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ប្រទេស​ចិន បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព មិត្តភាព ព្រមទាំង​សហប្រតិបត្តិការ សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន​លោក លី កឺ​ចាង បាន​ប្រាប់​ក្រុម​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ព្រុយ​ណេ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី​គឺជា​ជម្រើស​តែមួយគត់ សម្រាប់​យើងទាំងអស់គ្នា លោក​បាន​បន្ថែមទៀតថា ពួកយើង​ចាំបាច់​ត្រូវតែ​ធ្វើការ​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​

17 Story 01 (B)

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នាពេលនោះ ភាគី​ចិន​និង​អាស៊ាន​ក៏​ពិភាក្សាគ្នា​លើ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ផងដែរក្នុងនោះ លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​ជំរុញ​ឲ្យ​អាស៊ាន​និង​ចិន​ប្រឹងប្រែង បន្ថែមទៀត ក្នុងការ​កំណត់​ឲ្យ​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ១​ លាន​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆ្នាំ​ ២០២០ ។ គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន​និង​អាស៊ាន​មាន​ចំនួន​ប្រមាណ​៤០០​ពាន់​លាន ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១២ ។​

 

​លោក លី កឺ​ចាង​ ថែមទាំង​សន្យាថា នឹង​ជំរុញ​ឲ្យ​មាន​សមាហរណ៍កម្ម​សេដ្ឋកិច្ច​ស៊ីជម្រៅ​បន្ថែម​ទៀតផង​។ លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ​៣៥ ​នេះ បន្ទាប់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​សហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក នៅ​ឥណ្ឌូនេស៊ី ដែល​ទើបតែ​បញ្ចប់កាលពីពេល​ថ្មីៗ​នេះ​។ យ៉ាងណាក៏ដោយលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​ បាន​ខកខាន​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះដោយសារតែ​បញ្ហា​បិទ​រដ្ឋាភិបាល​អាមេរិក​ ។ លោក អូ​បា​ម៉ា បាន​និយាយថា ការលុបចោល​ផែនការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ីនាពេលនេះ ធ្វើ​ឲ្យ​មាន​ផលប្រយោជន៍សម្រាប់​ប្រទេស​ចិន ក្នុងនោះការខកខាន​របស់លោក​ក្នុង​ការចូលរួម​កិច្ចប្រជុំ​សំខាន់ៗ នៅ​តំបន់​អាស៊ី​បែបនេះ​នឹងធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​ដល់​ចិន ក្នុងការ​បង្ហាញ​ពី​ទស្សនវិស័យ​របស់ខ្លួន ដោយ​គ្មាន​ការជំទាស់​។​

 

​បើទោះបីជា​នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន​នៅ​ព្រុយ​ណេ កាលពី​ម្សិលមិញ​ថា ប្រទេស​របស់លោក​ចង់​ឲ្យ​មាន​សន្តិភាព​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ បណ្តា​ប្រ​ទេ​ស​ជា​សមាជិក​អាស៊ាន​មួយចំនួន​ដែលមាន​ជម្លោះ​រឿង​ដែនទឹក​នេះ ជាមួយ​ចិន​នោះ ហាក់​បង្ហាញ​ពី​ការព្រួយបារម្ភ​លើ​គោលជំហរ​មិន​ផ្លាស់ប្តូរ​របស់​ចិន​ដែលថា ប្រជុំ​កោះ​នា​សមុទ្រ​ខាងត្បូង​គឺជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published