រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលរូបគាត់ចេញពីធ្វើការនៅរោងចក្រហើយដើរឆ្លងថ្នល់សំដៅទៅផ្ទះជួល ក៏ត្រូវរថយន្តបើកបុក និងកិនបែកក្បាលខ្ទេច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ១០នាទី ល្ងាចថ្ងៃទី០៩ តុលា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចខាងកើតសាលាក្តីខ្មែរក្រហម ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីធ្វើការនៅរោងចក្រហើយដើរឆ្លងថ្នល់សំដៅទៅផ្ទះជួល ។ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំម៉ាកនីស្សាន់ឌីសែល មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-9547 បើកបរយ៉ាងលឿន តាមបណ្តោយផ្លូចជាតិលេខ ៤ ក៏បានទៅបុកជនរងគ្រោះឲ្យដួល ហើយកិនតែម្តងបណ្តាលឲ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មបំផុត។ បុរសរងគ្រោះមានឈ្មោះ សុខ វិទ្ធី អាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិអូរសាងាំ ឃុំពុទ្ធស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មុខរបរជាកម្មកររោងចក្រកាត់ដេរ យ៉ុង ដាវី ស្នាក់នៅផ្ទះជួលនៅក្បែរកន្លែងកើតហេតុ។
ក្រោយបង្កហេតុ រថយន្តខាងលើបានបើករត់ប្រមាណជា ៥០០ម៉ែត្រ ទើបត្រូវសមត្ថកិច្ចប៉ុស្តិ៍កន្ទោក ដែលដើរល្បាតតាមមូលដ្ឋានចាប់បាន ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត៕