ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈដែលបើករថយន្តជែងគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចខាងកើតរង្វង់មូលថ្មី ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តដឹកអេតចាយបើកខាងមុខ ចំណែករថយន្តដឹកទឹកកកបើកខាងក្រោយប្រដេញគ្នា ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា។ លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកអេតចាយម៉ាកនីស្សាន់ មួយបាំងកន្លះ ពណ៌ប្រផេះលាយខ្មៅ ដែលនៅខាងមុខដាច់កង់ក្រោយខាងឆ្វេងថយល្បឿនក៏ត្រូវរថយន្តដឹក ទឹកកកម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដែលបើកប្រកៀកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកយ៉ាងពេញ ទំហឹងបណ្តាលឱ្យដាច់ទ្វាររថយន្តដឹកទឹកកកជ្រុះលើថ្នល់បែកកញ្ចក់ ហើយកៀបជាប់ជើងអ្នកបើកជិតមួយម៉ោងទើបគាស់ចេញ។
ក្រោយពីពេលហេតុជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋធ្វើការសង្គ្រោះបឋម ។ ចំណែកភាគីរថយន្តទាំងពី បានស្រុះស្រូលគ្នា ដើម្បីបញ្ចប់ជម្លោះ៕