ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទីបញ្ជា​ឲ្យ​​តាម​ចាប់​​លោក ឈូក​ បណ្ឌិត​ !

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក ស ខេង ដែលជា​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បានចេញ​បញ្ជា ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​បន្ដ​តាម​ចាប់ខ្លួន​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត តាម​ដីកា​បញ្ជា​សាលាដំបូង​ខេត្តស្វាយរៀង ជុំវិញ​សំណុំរឿង​បង្ក​របួសស្នាម​ទៅលើ​កម្មការិនី ៣​នាក់ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅនោះ​។​

 

​លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ប្រាប់ថា កាលពី​សបា្ដហ៍​មុន លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង បានចេញ​លិខិត​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យកម្លាំង​ន​គ​រ​បា​ល​​តាម​ចាប់ខ្លួន​លោក ឈូក បណ្ឌិត មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​តាម​ដីកា បញ្ជា​ឱ្យ​ចាប់ខ្លួន របស់​តុលាការ ។ យ៉ាងណាក៏ដោយ​លោក​បញ្ជាក់ថា កម្លាំង​នគរបាល​បាន​នឹង​កំពុង​អនុវត្ដ​បទបញ្ជា​នេះ ដើម្បី​តាម​ចាប់ខ្លួន​លោក ឈូក បណ្ឌិត​ ។​

sor keng

​តើ​បទបញ្ជា​របស់​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី មាន​ប្រសិទ្ធិភាព​ដែរឬទេ​?

 

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់លោក​ឧ​ប​​នាយករដ្ឋមន្ត្រី​ ស ខេង ពីព្រោះ​គាត់​គឺជា​អ្នក​បញ្ជាក់​ដំបូង​គេ​ថា​លោក​ ឈូក បណ្ឌិត​ គឺជា​ជនសង្ស័យ​ក្នុង​ការបាញ់​កម្មការិនី​ឲ្យ​រងរបួស​ក្នុងពេល​តវ៉ា​។ លោក​បាន​ថ្លែង​ទៀតថា នេះ​គឺជា​ការ​កំណែទម្រង់​រប​ស់​រដ្ឋាភិបាល​ថ្មី ហើយ​ករណី​លោក​ ឈូក បណ្ឌិត​ នេះ​ត្រូវបាន​គេ​សម្រួល​ទោស​ស្រាល​បំផុត​គាត់​មិនគួរ​កាត់ទោស​ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​នោះទេ ដូច្នេះ​លោក ​ឈូក បណ្ឌិត​ ត្រូវតែ​ចាប់ខ្លួន​ដាក់ពន្ធនាគារ តែបើ​លោក​ ឈូក បណ្ឌិត នៅតែ​នៅក្រៅ​ឃុំ​ទៀត​នោះ​គឺ​មានន័យថា​ នេះ​គឺ​គ្រាន់តែ​ជា​ឆាកល្ខោន​តាមរយៈ​ប្រព័ន្ធតុលាការ​តែប៉ុណ្ណោះ។

 

​សូម​បញ្ជាក់​ថា កន្លង​មក​លោក ឈូក បណ្ឌិត បានរស់នៅ​ក្រៅ​ឃុំ បើ​ទោះបីជា​សាលាដំបូង​ខេត្ដ​ស្វាយរៀង​បានប្រកាស​ផ្ដន្ទាទោស កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៣ ដាក់ពន្ធនាគារ ១៨​ខែ ពីបទ​បង្ក របួស​ស្នាមដោយ​អ​ចេតនា ជុំវិញ​ការបាញ់កម្មការិនី ៣​នាក់ បណ្ដាលឱ្យ​រងរបួស​នៅក្រុង​បាវិត ខេត្ដ​ស្វាយរៀង នា​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១២ ខណៈ​ក្រុមកម្មករ​កំពុង​ធ្វើបាតុកម្ម​ក៏ដោយ ៕

 

Leave a Reply

(*) Required, Your email will not be published