បបូរមាត់ធ្វើឲ្យអ្នកអាចបង្កើនសម្រស់អ្នកតាមរយៈស្នាមញញឹមដ៏ស្រស់ស្អាតផងដែរ ។ ពេលដែលបបូរមាត់អ្នកមានពណ៌ស៊ីជំពូរ ស្នាមញញឹមរបស់អ្នកក៏កាន់តែទាក់ទាញផងដែរ។ ប៉ុន្តែមានមនុស្សជាច្រើនដែលមិនមានបបូរមាត់ពណ៌ស៊ីជំពូរ ហើយថែមទាំងមានពណ៌ស្រអាប់ស្រគាំ ឬស្លេក ដែលមិនមានភាពទាក់ទាញទាល់តែសោះ។ បបូរមាត់ខ្មៅ និងស្រអាប់អាចបណ្តាលឲ្យសម្រស់អ្នកថយចុះមួយកម្រិត ។ មានមូលហេតុជាច្រើនយ៉ាងដែលបណ្តាលឲ្យបបូរមាត់ពណ៌ស្រអាប់ដូចជា ជីវិតមមាញឹកពេក កង្វះការថែទាំសុខភាព និងសម្រស់ ការផ្លាស់ប្តូរអាកាសធាតុ ជំងឺ ការប្រើថ្នាំជក់ ការជក់បារី ប្រើប្រាស់ផលិតផលសម្រស់ដូចជាក្រែមដែលគ្មានគុណភាព មិនជូតក្រែមចេញពីមាត់នាពេលយប់ កង្វះឈាមក្នុងបបូរមាត់ ស្ត្រេសពេក ត្រូវពន្លឺព្រះអាទិត្យយូរពេក ជាដើម។ល។ ប៉ុន្តែបញ្ហាទាំងអស់នេះ អ្នកមិនគួរមានកង្វល់ឡើយ ព្រោះវាអាចកែខៃបានដោយវិធីងាយៗ ស្រួលសាមញ្ញតែមានប្រសិទ្ធិភាពខ្ពស់ដូចជា ៖
១.ដុសបបូរមាត់អ្នកស្រាលៗ ជាមួយច្រាសដុសធ្មេញបន្ទាប់ពីដុសធ្មេញរួចរៀងរាល់យប់ ។ ធ្វើយ៉ាងនេះអាចជួយកម្ចាត់ចេញនូវស្រទាប់ស្បែកដែលស្ងួត និងប្រេះបាន។
២.អ្នកត្រូវម៉ាស្សាបបូរមាត់ជារៀងរាល់ថ្ងៃ ដោយលាយទឹកក្រូចឆ្មា ជាមួយប្រេងអាល់ម៉ុន រួចយកមកម៉ាស្សាលើបបូរមាត់ជារៀងរាល់យប់មុនចូលគេង ។ សូលុយស្យុងនេះជួយផ្តល់ជាតិសំណើម ដល់បបូរមាត់ ហើយអ្នកនឹងចាប់ផ្តើមចាប់អារម្មណ៍ថាភាពស្រអាប់នឹងត្រូវបានបំបាត់បន្តិចម្តង។
៣.ត្រូវជូតសំអាតគ្រឿងសម្អាង សំខាន់ក្រែម ចេញពីមាត់មុនពេលចូលគេង។ ដើម្បីជូតសម្អាត អ្នកអាចប្រើសំឡីត្បារត្រចៀក ដាក់ប្រេងអូលីវបន្តិច ហើយជូតសម្អាតលើបបូរមាត់។
៤.ត្រដុសបបូរមាត់ជាមួយនឹងស្ករស ដើម្បីខាត់ស្បែកបបូរមាត់ជំរុះស្បែកចាស់ៗចោល ឲ្យមានពណ៌ក្រហមស៊ីជំពូរស្រស់ធម្មជាតិ។
៥.ប្រើក្រែមលាបកុំឲ្យប្រេះមាត់។ ក្រែមប្រភេទនេះគ្មានពណ៌ឡើយ ហើយវាមានតួនាទីផ្តល់សំណើមដល់បបូរមាត់ក្នុងរយៈពេលយូរ។
៦.គ្រាប់ផ្លែទទឹម ក៏អាចជួយបន្ថយភាពស្រអាប់បបូរមាត់បានដែរ ហើយធ្វើឲ្យមាត់ពណ៌ស្រស់ស្អាត។ យកគ្រាប់ទទឹមច្របាច់ជាមួយនឹងគ្រីមទឹកដោះគោ ហើយលាបលើមាត់។ មាត់នឹងមានពណ៌ក្រហម និងពេញ។ អ្នកអាចប្រើវិធីនេះដោយពុំចាំបាច់បារម្ភពីភាពប៉ះពាល់ឡើយ។
៧.ចិតត្រសក់យកមួយចំនិតស្តើង ហើយបិទលើបបូរមាត់រៀងរាល់ពេលដែលអ្នកទំនេរ ។ ទឹកត្រសក់ជួយឲ្យមានភាពស្រស់ស្រាយ នឹងភ្លឺរលោងលើបបូរមាត់។
៨.ស្រទាប់ផ្កាកូឡាប លាយជាមួយទឹកដោះគោ និងទឹកឃ្មុំ ២ ទៅ ៣ ដំណក់ ជួយបន្ថែមភាពក្រហមស្រទុំដល់បបូរមាត់អ្នកបាន។
៩.ជ្រលក់សំឡីត្បារត្រចៀក នឹងទឹកការ៉ុត ហើយជូតថើរៗលើបបូរមាត់។ វិធីនេះអ្នកអាចជួយបន្ថែមពណ៌ ដល់បបូរមាត់ និងជួយផ្តល់ជាតិសំនើមទៀតផង។
១០.លើកក្រោយពេលអ្នកបរិភោគផ្លែក្រូច អ្នកគួរទុកសម្បកក្រូចខ្លះ ព្រោះវាមានប្រយោជន៍ក្នុងការព្យាបាលមាត់ស្រអាប់បាន៕