ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានប្រជាតុលាការ កាត់ទោសមួយរំពេច ខណៈដែលជនសង្ស័យរូបនេះបានបន្លំលួចយកខ្សែដៃ របស់អាជីវកក្នុងផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ការកាត់ទោសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង១១ និង ៣០ នាទី បន្ទាប់ពីស្ទាក់ចាប់បានប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើងផងដែរ មុនពេលបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុនោះ ។
យុវជនសង្ស័យជាប់ចោទពីបទ លួចបន្លំយកខ្សែដៃរបស់អាជីវករ ក្នុងផ្សារលើមានឈ្មោះ កែវ លីដា អាយុ ២៣ឆ្នាំ មានទីលំនៅតំបន់ អ៊ូវៀតណាម ទំនប់រលក ក្រុមទី៣១ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ដោយធ្វើសកម្មភាព ឆក់ខ្សែដៃ ទម្ងន់ ៥ជីមាស ពីស្ត្រីអាជីវកលក់មាស ក្នុងផ្សារលើ ក្រុងព្រះសីហនុ ឈ្មោះ នាង ឡេង អាយុ ៦០ឆ្នាំ មុខរបរដូរលុយ និងលក់មាស តូបលេខ១ មានទីលំនៅក្រុមទី១៧ ភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ តែមិនបានសម្រេច។
តាមរៀបរាប់របស់ស្ត្រីរងគ្រោះឈ្មោះ នាង ឡេង បាននិយាយឱ្យដឹងទាំងតក់ស្លុតថា នៅមុនកើតហេតុពេលគាត់សម្រាកបាយថ្ងៃត្រង់រួច ក៏មានយុវជនវ័យក្មេងម្នាក់បានមកសួររកទិញខ្សែដៃមាស នៅពេលនោះគាត់បានលូកយកខ្សែដៃ ទម្ងន់៣ជីមាស ឲ្យយុវជននោះមើលត្រូវយុវជននោះឆ្លើយថា អាមួយនេះវាស្ទើរបន្តិចតើមានអាធំជាងនេះបន្តិចទេ គាត់ក៏បានលូកយកខ្សែដៃទម្ងន់ ៥ជីមាស ហុចទៅឲ្យមើល ក៏ ត្រូវយុវជនរូបនេះឆក់យករួចស្ទុះរត់គេចខ្លួន ។ ភ្លាមៗនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយចាប់ ។ ដោយបានឮសម្រែកស្រែកថា ចោរៗ អាជីវករក្នុងផ្សារជាច្រើន បានស្រែកបន្តគ្នា រហូតឮដល់នគរបាល ការពារផ្សារ ក៏ស្ទាក់ចាប់ជាប់បានតែម្តង ។
បន្ទាប់ពីចាប់បានប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃ មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ជនសង្ស័យត្រូវសមត្ថកិច្ចនាំទៅអធិការដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕