រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង និង ៣ នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ខណៈដែលនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងបានជិះម៉ូតូលឿនដេញប្រជែងគ្នា ហើយបានជ្រុលទៅបុកអ្នកជិះម៉ូតូសង់ការ៉េពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្លូវកសិកម្មចំការដូង ភូមិខ្វា សង្កាត់-ខណ្ឌដង្កោ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ និស្សិតកសិកម្មចំការដូង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាក់លេខក្រចេះ 1A-9536 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ដោយមុនដំបូងជែងម៉ូ តូមួយគ្រឿង ម៉ាកហុងដា ស៊េរី៩៦ ជានិស្សិត ជិះម្នាក់ឯងមិនផុត ក៏ប៉ះដៃចង្កូតបណ្តាលឲ្យដួល ហើយគាប់ជួនក៏ មានម៉ូតូសង់ការ៉េមួយគ្រឿងជិះម្នាក់ឯង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏បុកពេញទំហឹងតែម្តង បណ្តាលឲ្យដួល បោកក្បាលសន្លប់អ្នកជិះម៉ូតូសង់ការ៉េនោះ ដែលដំបូងស្មានថាមិនអីទេ ក្រោយមកក្រុម រថយន្តសង្គ្រោះមកដល់ព្យាយាមជួយអស់ពីលទ្ធភាពដែរ តែហួសពេលទៅហើយ។
ជនរងគ្រោះដែលស្លាប់ក្នុងឧបទ្ទវហេតុខាងលើនេះមានឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជិះម៉ូតូម៉ាក់សង់ការ៉េពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកជនបង្កហេតុមានឈ្មោះ គាត ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ(ជាអ្នកឌុប) និស្សិតកសិកម្មចំការដូង មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងម្នាក់ទៀតមានឈ្មោះ ម៉ៅ ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ និស្សិតកសិកម្មចំការដូង មានទីលំនៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ជិះពីក្រោយ) ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ បុត រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតកសិកម្មចំការដូងដូចគ្នា មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យរាជធានីភ្នំពេញ ជិះម៉ូតូសង់ស៊េរី៩៨ចាស់ពណ៌ខ្មៅពាក់ស្លាកលេខ ឍ-5144 ភព1 ធ្វើដំណើរពីលិចទៅកើត។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅវាស់វែង និងយកម៉ូតូទៅរក្សានៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់ ។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕