រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដេកលង់លក់នៅក្នុងបន្ទប់ទឹក ក្នុងខារ៉ាអូខេមួយកន្លែងខណៈដែលមិត្តភក្តិដាក់ថ្នាំសណ្តំយកម៉ូតូ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី៨ តុលា ២០១៣ នៅហាងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២០០៨ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលត្រូវថ្នាំសណ្តំឈ្មោះ កែវ ផេត អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ជាមិត្តភក្តិដែលធ្លាប់ធ្វើការសំណង់ជាមួយគ្នា ហើយបែកគ្នាយូរមកហើយនោះ បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយទូរស័ព្ទហៅជនរងគ្រោះ ទៅផឹកស៊ីនៅហាងមួយកន្លែង ជិតស្តុបផ្សារដីហុយមានគ្នាទាំងអស់៤នាក់ ។ លុះពេលផឹកស៊ីស្រវឹង ហើយជនសង្ស័យបានធានាចេញលុយនាំទៅច្រៀងខារ៉ាអូខេ តាមផ្លូវ២០០៤បន្តទៀត ប៉ុន្តែទៅតែ៣នាក់ទេ ដោយមិត្តភក្តិម្នាក់សុំទៅផ្ទះមុន។
ប្រភពខាងលើបានបន្តទៀតថា ខណៈពេលទៅដល់ហាងខារ៉ាអូខេ ផឹកស៊ីស្រវឹងជោកជាំហើយ ជនសង្ស័យបានបបួលជនរងគ្រោះទៅបត់ជើងតូចក្នុងបន្ទប់ទឹកទាំង២នាក់ ដោយបាត់យូរពេកមិនឃើញត្រឡប់មកវិញ មិត្តភក្តិម្នាក់ដែលអង្គុយចាំយូរពេកបានដើរទៅមើលស្រាប់តែឃើញជនរងគ្រោះ ដេកសន្លប់ក្នុងបន្ទប់ទឹក ហើយក្នុងកាបូបលុយសល់តែលុយ៥ពាន់រៀលប៉ុណ្ណោះ ទើបភ្ញាក់ផ្អើលដឹងថា ជនសង្ស័យដាក់ថ្នាំសណ្តំ យកម៉ូតូទៅបាត់ ហើយក៏ទូរស័ព្ទហៅមិត្តភក្តិ ដែលត្រឡប់ទៅផ្ទះមុនមកជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយពីដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ មិត្តភក្តិរបស់ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ ។ ម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៨ ឡើងតែម ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1B-0249៕