ប្រទេសឥណ្ឌូនេស៊ី ៖ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា បានអំពាវនាវឲ្យបណ្តាមេដឹកនាំប្រទេសជាសមាជិកសហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ជាភាសាអង់គ្លេសថា អេពិក ពង្រីកទំហំវិនិយោគនិងពាណិជ្ជកម្មបន្ថែមទៀត ក្នុងបំណងស្ថាបនាសន្តិសុខ ដើម្បីការធ្វើការងារជាក្រុម និងផ្សព្វផ្សាយឲ្យមានការីកចម្រើនបន្ថែមទៀត។
លោកស្រី យីងឡាក់ បានថ្លែងបែបនោះ ក្នុងពេលចូលរួមកិច្ចប្រជុំ អេពិក ដែលកំពុងរៀបចំធ្វើឡើងនៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំអេពិក ឆ្នាំ២០១៣ ក្រោមប្រធានបទចំបង ស្តីពីអាស៊ីប៉ាស៊ីហ្វិកដែលត្រូវងើបឡើងវិញ និងក្បាលម៉ាស៊ីនដែលធ្វើឲ្យពិភពលោករីកចម្រើន គ្រោងនឹងបញ្ចប់ នៅថ្ងៃពុធនេះ។
ក្នុងកិច្ចប្រជុំដែលមានបណ្តាមេដឹកនាំប្រទេសចំនួន២១ នាថ្ងៃទីពីរ កាលពីថ្ងៃចន្ទម្សិលមិញ លោកស្រី យីងឡាក់ បានលើកឡើងជាថ្មី នូវគោលនយោបាយរបស់ប្រទេសថៃ ស្តីពីការជំរុញឲ្យមានពាណិជ្ជកម្មពហុតោភាគី។ លោកស្រីយីងឡាក់បានបញ្ជាក់ថា បើទោះបីជាអង្គការពាណិជ្ជកម្មពិភពលោកមានភាពយឺតយ៉ាវ លើការរៀបចំកិច្ចចរចាពាណិជ្ជកម្មក៏ដោយ ពាណិជ្ជកម្មពហុតោភាគីគួរតែត្រូវបន្តធ្វើ។
ប៉ុន្តែលោកស្រី យីងឡាក់ បានបន្តទៀតថា ការបើកនូវវិនិយោគនិងពាណិជ្ជកម្មតែមួយមុខក៏មិនអាចដឹកនាំឲ្យមានការ រីកចម្រើនខាងសេដ្ឋកិច្ចបានទេ លុះត្រាណាសមាជិកប្រទេសទាំងអស់ចាំបាច់រួមដៃគ្នាសម្លឹងមើល ការអភិវឌ្ឍលើសកម្មភាពផ្សេងៗទៀត ដូចជាការចូលរួមកាត់បន្ថយភាពក្រីក្រ ជាមួយបណ្តាប្រទេសផ្សេងៗទៀត និងអនុញ្ញាតឲ្យមានការចូលរួមជាសាធារណៈបន្ថែមទៀត ក្នុងបំណងឆ្ពោះទៅរកសេដ្ឋកិច្ចរីកចម្រើន៕