រាជធានីភ្នំពេញ ៖ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះ រាជរដ្ឋាភិបាលបានប្រកាសផ្អាកចំពោះពិធីបុណ្យប្រពៃណីជាតិមួយនេះ ។ នេះបើយោងតាមសារាចរដែលចុះផ្សាយកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៣ ។
ការផ្អាករៀបចំពិធីបុណ្យនេះ គឺដោយសារស្ថានភាពទឹកជំនន់នៃទន្លេមេគង្គមានសភាពធ្ងន់ធ្ងរ ដែលបណ្តាលឲ្យសាលារៀន វត្តអារាម មន្ទីរពេទ្យ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ផលដំណាំ និងសត្វពាហនៈជាច្រើនត្រូវរងការបំផ្លិចបំផ្លាញ និងធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់រងការលិចលង់មួយចំនួនបាត់បង់ជីរិតផង។
តាមសារាចរដែលចុះផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញថា ការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំងនេះ នឹងត្រូវផ្អាក តែដោយឡែកនៅតាមទីកន្លែងដទៃផ្សេងអាចប្រព្រឹត្តធម្មតា ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ៕