រាជធានីភ្នំពេញ ៖ រដូវបុណ្យទានម្តងៗ មិនថាឡើយ ភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ជាឱកាសល្អសម្រាប់អ្នកអាជីវកម្មក្រៅប្រព័ន្ធ មានអ្នករត់តាក់ស៊ី រួមទាំងក្រុមហ៊ុនដឹកអ្នកដំណើរតំឡើងថ្លៃឈ្នួលដឹកជញ្ជូន ដើម្បីបំពេញឲ្យកុងត្រូលជជុះដែលដាក់តាមដងផ្លូវ ក្នុងគាបជំរិតទាំងនោះ ។ ក្រុមអាជីវករដែលប្រកបរបរសម្រាប់ចិញ្ចឹមជីវិតនោះ បានរអ៊ូរទាំចំពោះការទារលុយពីអ្នកដំណើរនៅតាមដងផ្លូវ។
ក្នុងអណត្តិថ្មីដែលរាជរដ្ឋាភិបាលកំពុងកែទម្រង់ស៊ីជម្រៅនេះ នៅក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី២ ខែតុលា អគ្គស្នងការនគរបាលជាតិឯកឧត្ដម នាយឧត្ដមសេនីយ៍នេត សាវឿនបានដាក់បទបញ្ជាដល់ នាយកដ្ឋានពាក់ពន្ធ័ និងស្នងការនគរបាលរាជធានីខេត្ត ត្រូវអនុវត្តន៍ការត្រួតពិនិត្យបច្ចេកទេសគោលដៅដើមទី និងបញ្ឈប់ការទារលុយខុសច្បាប់។
អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យមន្ត្រីនគរបាលចរាចរណ៍បញ្ឈប់ ការទារលុយពីអ្នកដំណើរនៅតាមដងផ្លូវ។ ប្រធានអគ្គសេនាធិការ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក គៀត ចន្ទ័ថារិទ្ធ បានថ្លែងថា ក្នុងកិច្ចប្រជុំនៅព្រឹកមិញ ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលបញ្ជាឲ្យមន្ត្រីនគរបាល ចរាចរណ៍បញ្ឈប់ ការទារលុយខុសច្បាប់ និងកំពុងរកវិធីបង់ការផាកពិន័យតាមរយៈធនាគារ ឬមធ្យោបាយផ្សេង ដើម្បីកុំឲ្យមានការទារលុយខុសច្បាប់កំណត់។
ឯកឧត្ដមនាយឧត្ដមសេនីយ៍នេត សាវឿន ក៍បានណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងស្នងការខេត្តត្រូវលុបបំបាត់ឲ្យអស់នូវបទល្មើសការដាក់ ប៉ុស្ដិ៍ត្រួតពិនិត្យខុសច្បាប់ គ្រប់ប្រភេទ។
សូមជម្រាបថាការដាក់បទបញ្ជានេះ ត្រូវគេឃើញថា បានធ្វើឡើងបន្ទាប់ពីការព្រមានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃ២៥កញ្ញា ដោយបានលើកឡើងពីការកើត ឡើងច្រំដែលនៃការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យខុសច្បាប់តាមដងផ្លូវ និងការរអ៊ូ រទាំខ្លះពីប្រជាពលរដ្ឋដែលមានមន្ត្រីសមត្ថកិច្ចមួយចំនួនដាក់ ប៉ុស្ដិ៍ទារលុយ តាមដងផ្លូវ និងមន្ត្រីនគរបាលចរាចរណ៍ខ្លះបានផាកពិន័យខុសពីច្បាប់កំណត់៕