រាជធានីភ្នំពេញ ៖ ឆាកប្រយុទ្ធលាយឡំជាមួយនឹងស្នូរកាំភ្លើងបានលាន់ឮរំពង បង្កបានភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ខណៈដែលក្រុមក្មេងស្ទាវពីរក្រុមមានទំនាស់គ្នា ។ ហេតុការណ៍បាញ់បោះសេរីមួយនេះបានកើតឡើងនៅម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ នៅលើនៅលើកំណាត់ផ្លូវជាតិលេខ៤ ជិតសាលាក្ដីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ មុខសាលាក្ដីខ្មែរក្រហម ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុយុវជនទាំងពីរក្រុមមានទំនាស់ពាក្យសម្ដីគ្នា រួចគប់ដុំថ្មដាក់គ្នានៅខាងមុខវិទ្យាល័យជម្ពូវ័ន្ត ហើយក៏បានប្រដេញបាញ់ជាច្រើនគ្រាប់ រហួតដល់ជិតសាលាក្ដី រួមទាំងការកាប់បណ្ដាលឲ្យរងរបួស៣នាក់ ។ ជនរងគ្រោះទាំង ៣ នាក់មានឈ្មោះ ១-តុប ប៊ុនធី អាយុ ១៨ ឆ្នាំ ជាសិស្សវិទ្យាល័យព្រែកឯង ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌពោធិ៍សែនជ័យ ត្រូវ ៣ គ្រាប់ រងរបួស ចំកំប៉េះគូថទាំងសងខាង ២- សុខ ផល្លា អាយុ ១៨ ឆ្នាំ សិស្សវិទ្យាល័យជ័យវរ្ម័ន ស្នាក់នៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវ ២ គ្រាប់រងរបួសគល់ភ្លៅសងខាង និង៣-ហេង តុលា រងរបួសជាច្រើនកាំបិត ។ ជនរងគ្រោះចំនួន២នាក់ ដែលត្រូវគ្រាប់កាំភ្លើង ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យលោកសង្ឃ ។
តាមការរៀបរាប់ពីភាគីរងគ្រោះបាននិយាយថា ក្រុមខ្លួនដែលមានគ្នាជិត២០នាក់ (ស្រី២នាក់) មានគម្រោងទៅដើរលេងនៅរមណីដ្ឋានអំពែភ្នំ មកដល់ចំណុចមុខសាលាជម្ពូវ័ន្ត ក៏ជួបនិងយុវជនមួយក្រុមទៀត ដែលមានគ្នីគ្នាប្រមាណ ១០ នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងកាំភ្លើងពេលនោះក៏មានទំនាស់ពាក្យសម្ដីគ្នា ក៏កើតជារឿងកាប់ចាក់បាញ់ប្រហារតែម្ដង ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្ដរាគមន៍ រីឯភាគីខាងមានកំាភ្លើងបានរត់គេចខ្លួនដោយសុវត្ថិភាព ។ នៅពេលនេះសមត្ថកិច្ចកំពុងសួរនំា និងតាមចាប់ខ្លួនភាគីដែលរត់គេច ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ៕