រាជធានីភ្នំពេញ ៖ ក្មេងទំនើងពីរនាក់ក្នុងចំណោមបក្ខពួក ៤ នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពួកគេព្រួតវាយមន្ត្រីកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវម្នាក់ ខណៈល្បាតក្នុងមូលដ្ឋានតែម្នាក់ឯងបណ្តាលឱ្យរបួសធ្ងន់ រួចរត់គេច កាលពីវេលាម៉ោង១ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅជិតក្លឹបហ៊ីបហប សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុយុវជនមួយក្រុមមានគ្នា៤នាក់ទើបនឹងចេញពីរាំនៅ ក្លឹបហ៊ីបហបបាននាំគ្នាទៅពួននៅកៀនរថយន្តមួយគ្រឿងដែលចតនៅ ចិញ្ចើមផ្លូវដើម្បីរង់ចាំវាយប៉ូលិស និងកងរាជអាវុធហត្ថ មិនដឹងមានគំនុំរឿងអីទេ ខណៈពេលមន្ត្រីកងរាជអាវុធហត្ថឈ្មោះយ៉ុម សុយ៉ាន់ ជិះម៉ូតូដើរល្បាតក្នុងមូលដ្ឋានប្រទះឃើញយុវជនទាំង៤នាក់ពួននៅ កៀនរថយន្តគួរឱ្យសង្ស័យក៏បានឈប់ម៉ូតូចូលទៅអើតមើល ហើយលើកវិទ្យុទាក់ទងហៅសមត្ថកិច្ចមកជួយអន្តរាគមន៍ ស្រាប់តែជនទាំង៤នាក់ប្រដាប់ដោយដំបងប្រវែង១ម៉ែត្រព្រួតគ្នាវាយ សមត្ថកិច្ចបែកមួកសុវត្ថិភាពរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនបង្កដែលឃាត់ខ្លួនត្រូវសមត្ថកិច្ចបញ្ជូនទៅមូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌប្ញស្សីកែវដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវរកជនបង្ក២នាក់ទៀតដែលរត់គេចខ្លួនមកផ្តន្ទាទោស តាមច្បាប់៕