ប្រទេសប្រេស៊ីល ៖ វាហាក់ដូចជារឿងធម្មតាទៅហើយ សម្រាប់ជនបរទេសមួយចំនួនតូច ដែលចូលចិត្តយកជីវិតមកប្រឡែងលេងជាមួយសត្វតិរច្ឆានទាំងនេះ គ្រាដែលមនុស្សជាច្រើននៅលើពិភពលោក មានការភ័យខ្លាចបំផុត ពេលមានអារម្មណ៍ថា តោ, ខ្លា… នៅក្បែរពួកគេនោះ ។
ជាក់ស្តែង គ្រូសារមួយ រស់នៅ Maringa ប្រទេសប្រេស៊ីល បានចិញ្ចឹមសត្វតិរច្ឆាន “ខ្លា” ចំនួន ៧ ក្បាល នៅក្នុងផ្ទះរបស់ពួកគេ ធ្វើជាសត្វចិញ្ចឹម និងបានកំពុងរស់នៅជាមួយពួកវាយ៉ាងរំភើបរីករាយ អស់រយៈពេល ៨ ឆ្នាំមកនេះ ។
ជារៀងរាល់ថ្ងៃ គ្រូសារនេះ តែងហូបចុក, ហែលទឹកជាមួយពួកវា និងសូម្បីអនុញ្ញាតឲ្យកូនៗរបស់ពួកគេ ជិះលេងសប្បាយនៅលើខ្នងរបស់សត្វតិរច្ឆាននេះទៀតផង ។
លោក Ary Borges មេគ្រួសារនៃកូនស្រី៣នាក់ បានសង្គ្រោះសត្វខ្លាដ៏ធំ២ក្បាល មកពីតំបន់ព្រៃមួយ អស់រយៈពេល ៨ ឆ្នាំមកហើយ និងបានសង់ជម្រកមួយ នៅក្នុងសួនច្បាររបស់គាត់ ។ សព្វថ្ងៃ គ្រួសារនេះ បានកំពុងរស់នៅ, ហូបចុក និងសូម្បីហែលទឹកកម្សាន្តលេងជាមួយពួកវា នៅក្នុងអាងហែលរបស់ពួកគេ នៅ Maringa ជិត Sao Paulo ប្រទេសប្រេស៊ីល ។
បច្ចុប្បន្ន លោក Ary មានគំរោងបើកសួនទេសចរណ៍មួយ ដែលជាទីកន្លែងសម្រាប់សត្វជាទីស្រឡាញ់របស់គាត់ អាចរស់នៅមានសេរីភាពជាងមុន ។Ary អាយុ ៤៣ ឆ្នាំ បាននិយាយថាៈ “ខ្ញុំមិនដែលព្រួយបារម្ភ អំពីកូនៗស្រីរបស់ខ្ញុំ ដែលកំពុងស្និទ្ធស្នាលជាមួយសត្វទាំងនេះទេ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវបង្ហាញពីការគោរព និងស្រឡាញ់ ចំពោះពួកវា នោះហើយ ជាផ្លូវមួយដែលអ្នកទទួលបានមកវិញ នូវសេចក្តីសុខពីពួកវា” ។
ពួកគេសូម្បីអនុញ្ញាតឲ្យសត្វខ្លាទាំងនេះ ដើរចូលក្នុងផ្ទះបាយ ក្នុងអំឡុងពេលចំអិនអាហារ… ។ ទោះជាយ៉ាងណា លោក Ary ក្រោយមក បានបង្ខំចិត្តផ្អាកកម្មវិធីផ្តល់ចំណីដល់ពួកវា បន្ទាប់ពីពួកមន្ត្រីបានប្រាប់គាត់ថា គាត់ត្រូវតែមានលិខិតអនុញ្ញាត ។ ឥឡូវ គាត់មានគំរោងបើកសួនទេសចរណ៍មួយ ដែលមានផ្ទៃដីទំហំ ៤០ ហិកតា នៅ Maringa ដើម្បីឲ្យសត្វជាទីស្រឡាញ់របស់គាត់មានសេរីភាពធំធេង ។ ប៉ុន្តែ ហេតុផលនេះ មិនបានធ្វើឲ្យនរណាម្នាក់នៅក្នុងគ្រួសាររបស់គាត់ សប្បាយចិត្តទេ ព្រោះពួកគេ លែងបានស្និទ្ធស្នាលជាមួយពួកវាដូចមុនៗទៀតហើយ ។
ទោះជា បែបណាក៏ដោយ ពួកមន្ត្រីបានព្រមានថា ពួកគេយ៉ាងហោចណាស់ ក៏ត្រូវពិចារណាថា ពួកវាទាំងនេះ គឺសត្វតិរច្ឆានដែរ ។ ហេតុការណ៍អាចកើតឡើងចំពោះពួកគេបាន គឺនៅពេលណាដែលពួកវាមានអារម្មណ៍មួមៅណាមួយនោះ ៕