ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងផឹកស៊ីមិនព្រមជួយធ្វើការ ធ្វើឲ្យយុវជនម្នាក់បានគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ ។ ករណីចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
តាមការរៀបរាប់ពីក្រុមគ្រួសារបានអោយដឹងថា មុនកើតហេតុជនរងគ្រោះតែងតែដើរលេងផឹកស៊ីមិនដែលលោះថ្ងៃនោះទេ គឺស្រវឹងជាប់តែម្តង ហើយនៅថ្ងៃកើតហេតុម្តាយបានស្តីបន្ទោសរឿងផឹកស៊ីមិនគិតជួយធ្វើការងារ និងមិនចេះមើលអ្នកជិតខាង។ យុវជនរូបនេះក៏ដើរទៅក្រោយផ្ទះ លុះដល់វេលាកើតហេតុខាងលើ ប្អូនស្រីរបស់យុវជននេះដើរទៅបន្ទប់ក្រោយផ្ទះ ក៏ស្រាប់តែឃើញបងប្រុសរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ ។ យុវជនដែលធ្វើអត្តឃាត ឈ្មោះ អ៊ុន សំអុល អាយុ៣០ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចរាល់ បានឲ្យដឹងថា យុវជននេះពិតជាយកក្រមាចងកខ្លួនឯងពិតប្រាកដ និងឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕