ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ជននេះបានលួចម៉ូតូពេលជនរងគ្រោះចតទុកចោលនៅមុខតូបលក់ចាប់ហួយមួយកន្លែង ។ ហេតុការណ៍បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលទាំងកណ្តាលអាធ្រាត្រ កាលពីម៉ោង ១ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះពុម្ព សុភ័ក្ត្រ អាយុ ២៧ ឆ្នាំ ជាគ្រូបង្ហាត់នគរបាលនៅការិយាល័យបណ្តុះបណ្តាលវិទ្យាវិក្រិតការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានស្រុកកំណើតនៅភូមិពាលញែក ២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់គេទុកចោលនៅខាងមុខតូបលក់ចាប់ហ៊ួយ។ ដោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកចក បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួនបានជន សង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលគោកចក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូត្រូវប្រគល់ទៅឱ្យម្ចាស់ដើមវិញ៕