ប្រទេសចិន ៖ យោងតាមអាជ្ញាធរឧតុនិយមចិនថា ប្រទេសចិនកាលពីថ្ងៃទី១៩ កញ្ញា បានចេញការប្រកាសអាសន្នពីការជិតបោកបក់មកដល់នៃព្យុះខ្លាំង មួយឈ្មោះ USAGI ដែលបានពង្រឹងកម្លាំងរបស់វាកាលពីវេលាម៉ោង១៧ ដើម្បីក្លាយជាមហាព្យុះមួយ។នាវេលាម៉ោង១៩ ម៉ោងនៅក្រុងប៉េកាំង មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានចេញការប្រកាសអាសន្នពណ៌លឿងនៃព្យុះ USAGI ជាព្យុះទីហ្វុងទី១៩ វាយប្រហារលើចិននាឆ្នាំនេះ។
ព្យុះកំណាចប្រចាំឆ្នាំមួយ ដែលមានឈ្មោះថា Usagi កំពុងតែវាយប្រហារយ៉ាងខ្លាំងទៅលើភាគខាងត្បូង កោះតៃវ៉ាន់ បង្កជាខ្យល់បក់ ភ្លៀងធ្លាក់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យចរន្តអគ្គីសនី និងគមនាគមន៍ជាច្រើនត្រូវកាន់ផ្តាច់ កាលពីថ្មីៗកន្លងទៅនេះ។
ព្យុះដែលមានល្បឿនរហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ត្រូវរងរបួស ដោយសារតែខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យដើមឈើរលំសង្កត់ត្រូវនោះ។ ជាមួយគ្នានេះដែរ ផ្ទះសម្បែងចំនួន ៤៥ ០០០ ត្រូវកាត់ផ្តាច់ចរន្តអគ្គីសនី ចំណែកឯ ៥ ០០០ ទៀតត្រូវខ្វះខាតទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជាភ័ព្វសំណាង ពុំមាននរណាម្នាក់ស្លាប់ក្នុងគ្រោះធម្មជាតិនេះឡើយ ដោយប្រជាជនត្រូវបានអាជ្ញាធរនៅតំបន់នោះ ប្រកាសអាសន្នជម្លៀសចេញ ទាន់ពេលវេលា។
ព្យុះ USAGI ស្ថិតនៅចម្ងាយ៨៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍កោះតៃវ៉ាន់ នាវេលាម៉ោង១៧ ហើយបោកបក់ឆ្ពោះមកភាគពាយ័ព្យ។ ព្យុះដ៏ខ្លាំងនេះនឹងមានខ្យល់បោកបក់ខ្លាំងនៅភាគខាងកើត និងភាគខាងជើងកោះតៃវ៉ាន់ ក្នុងដែនសមុទ្រជិតប្រជុំកោះមានជម្លោះជាមួយជប៉ុន ដែលចិន ហៅឌីអាវយូ ហើយជប៉ុនហៅសេនកាគូ នៅភាគខាងត្បូងនៃសមុទ្រចិនខាងកើត និងនៅភាគឦសានសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ផងដែរថា ព្យុះនេះនឹងបន្តកើតមានជាច្រើនថ្ងៃបន្តទៅទៀត ដែលគោលដៅបន្ទាប់របស់ព្យុះនេះ គឺតំបន់នៅជិតកោះតៃវ៉ាន់ ដូចជា ប្រទេសហ្វីលីពីន និងកោះហុងកុង ជាដើម។
បច្ចុប្បន្នព្យុះ USAGI បានខិតចូលមកជិតបណ្តាតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍ចិន ហើយនឹងអាចមកដល់ឆ្នេរសមុទ្រនៃខេត្តក្វាងទុង រវាងថ្ងៃទី២២ មក២៣ កញ្ញា ៕