ខេត្តកំពង់ឆ្នាំង ៖ រថយន្តកុងតឺន័រមួយគ្រឿងបានប្រះខ្លួនដេកលើផ្លូវជាតិលេខ ៥ បណ្តាលអ្នកបើកបរ និងរួមដំណើរជាមួយទទួលរងរបួសស្រាល កាលពីវេលាម៉ោង១ និង ២០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៥និង៤៦ ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រាច ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តខាងលើនេះម៉ាកនីសាន់ឌីសែល ដឹកកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3B-6855 បើកបរដោយជនមិនស្គាល់មុខ ព្រោះក្រោយពេលកើតបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុរថយន្តខាងលើ បានដឹកកុងតឺន័រ ដាក់ខោអាវចេញពីរោងចក្រនៅជិតកន្លែងកើតហេតុចេញមកតាមបណ្តោយផ្លូវជាតិ ពីជើងទៅត្បូង បំណងដឹកទៅរាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តនោះបែកទុយោហ្វ្រាំង បណ្តាលឱ្យជាប់គាំង បោករថយន្តក្រឡាប់កណ្តាលថ្នល់តែម្តង ៕