រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីចំណាស់ម្នាក់ ដែលមានបង្វិចខោអាវនៅជាប់ខ្លួន បានដេកស្លាប់ក្នុងថ្លុកឈាមលើកំណាត់ផ្លូវលេខ៥៩៨ ចំណុចខាងជើងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ហេតុការណ៍ដ៏សង្វេគនេះត្រូវបានប្រជាពលរដ្ឋប្រទះកាលពីកាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី១៨ កញ្ញា ២០១៣ ស្ថិតក្នុងភូមិខ(១) សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះជាជាករណីគ្រោះថ្នាក់ចរាចរណ៍ ព្រោះឃើញនៅលើសពមានស្នាមបែកក្បាលហូរឈាម។ ចំណែកតាមការរៀបរាប់របស់សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីចំណាស់ខាងលើនេះអាយុប្រមាណជា ៧០ឆ្នាំ ជាអ្នកសុំទាន ដោយប្រជាពលរដ្ឋតែងតែឃើញ គាត់ដើរសុំទានគេជារៀងរាល់ថ្ងៃនៅតាមផ្លូវម្តុំនោះ ។ក្រោយប្រទះឃើញសពប៉ូលិសចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋានបានរៀបចំចាត់ចែងបញ្ជូនសព ទៅតម្កល់ទុកនៅវត្ត ដើម្បីចាត់ចែងបន្ត៕