រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកគុប៣គ្រឿង ត្រូវក្រុមចោរកាត់សោរបងចូលលួចយកទៅបាត់សុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៣នៅផ្ទះលេខ៧៦ ផ្លូវបេតុង ក្រុម២ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ម៉ូតូដែលក្រុមចោរលួចយកទៅបាត់ទាំង៣គ្រឿងម៉ាកគុបសេ៥០ ទីមួយ-ពាក់ស្លាកលេខភ្នំពេញ 1G-8689, ២-ពាក់ស្លាកលេខភ្នំពេញ 1C-5863 និង៣-ពាក់ស្លាកលេខ ម.០២១៤ ភព១ ។ ម៉ូតូទាំង៣គ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ឈិន សុធារី ភេទស្រី អាយុ៥០ឆ្នាំ ។ ម្ចាស់ផ្ទះដែលត្រូវក្រុមចោរលួចគាស់មានឈ្មោះ ហូ តារា ប្រុស អាយុ៥១ឆ្នាំ ។
តាមសម្តីស្ត្រីម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលមានការភ្ញាក់ផ្អើល នៅវេលាម៉ោងខាងលើ គាត់បានឮសំឡេងម៉ូតូ ដោយមានការសង្ស័យក៏ចុះពីលើផ្ទះមកមើល ស្រាប់តែឃើញឆ្កែ១ក្បាល និងឆ្មា១ក្បាលងាប់ និងមិនឃើញម៉ូតូ របស់គាត់ទាំង៣គ្រឿង និងរបងមានថ្ពក់សោពីខាងក្រៅថែមទៀត ទើបមានការផ្អើលឆោឡោតែម្ដង ៕