រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដេកសន្លប់នៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តកាមរីឆ្លាមមួយគ្រឿងខណៈបើកបត់ឆ្វេង ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យផ្លោងអ្នកបើកម៉ូតូបោកផ្ទប់នឹងកញ្ចក់រថយន្ត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-1310 បើកបរដោយបុរសម្នាក់តាមផ្លូវលេខ១១៣ ពីត្បូងទៅជើង ចំណែកម៉ូតូវីវ៉ា ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AB-4686 បើករដោយបុរសម្នាក់តាមផ្លូវលេខ៣១០ ពីលិចទៅកើតខ្វែងទិសគ្នា ។ ខណៈទៅដល់ចំណុចផ្លូវកែង រថយន្តបើកលឿនរួចបានបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលចង្កូតទៅបុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូផ្លោងទៅបោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសធ្ងន់ ។ ជនរងគ្រោះមានឈ្មោះ ស៊ឹម ធី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅគ្លីនិកឯកជន ។
ក្រោយពេលកើតសមត្ថកិច្ចបានធ្វើការវាស់វែង ហើយយកចំណែករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំដោះស្រាយជាក្រោយ ៕