រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បណ្តាលឲ្យប្រជាពលរដ្ឋឆោឡោទាំងកណ្តាលអាធ្រាត្រ ខណៈដែលរថយន្តបានបុកម៉ូតូហើយអូសទៅ បុកបង្គោលភ្លើងបណ្តាល រថយន្ដនិងម៉ូតូដែលកៀបជាប់រថយន្ដឆេះ និងមានសំឡេងផ្ទុះក្នុងរថយន្ដទៀត។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះកើតឡើងកាលពីវេលា ម៉ោង ១២ និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កត់ផ្សារដេប៉ូ២ ខណ្ឌទូលគោក ។
តាមប្រភពសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-1688 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិច តាមបណ្ដោយផ្លូវលេខ១៣៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខណៈមកដល់មុខហាងខារ៉ាអូខេឡឺវ៉េស រថយន្ដបង្កក៏បានបុកម៉ូតូកូទាមួយគ្រឿងជិះដោយបុរសម្នាក់បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសស្រាល ធ្វើឱ្យម៉ូតូកៀបជាប់រថយន្ដខាងមុខអូស ។ ពេលនោះអ្នកបើកបររថយន្ដព្យាយាមបើករត់ តែដោយអូសម៉ូតូយូពេក រហូតដល់សាលាបឋមសិក្សាសន្ធរម៉ុកដល់ចំណុចអគារលក់គ្រឿងសំណង់មួយ ក្នុងផ្លូវម៉ៅសេទុងរថយន្ដជ្រុលចង្កូតទៅបុកបង្គោលបាក់អស់មួយ ដើមធ្វើឱ្យរថយន្ដនិងម៉ូតូផ្ទុះឆេះតែម្ដង ។ ក្រោយឃើញហេតុការណ៍ខាងលើនេះម្ចាស់រថយន្ដបានបើកទ្វាររត់យករួចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមក អន្ដរាគមន៍ និងរថយន្ដពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់មួយគ្រឿង ហើយក៏បានយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រាជធានីដើម្បីដោះស្រាយបន្ដ ៕