លោក​ស្នងការរង យឹម សូ​ភាស់ និង​​លោក គឹម សារ៉េត ប្រ​ជែង​​គ្នា​​ដាក់​​ប៉ុស្តិ៍​​ជ​ជុះ​ ចាំ​​ប្រ​មូល​​លុយ​​ពី​បទ​​ល្មើស បំពាន​​គោល​ការណ៍​ថ្នាក់​លើ

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹម​ពេលដែល​​សកម្ម​​ភាព ដឹក​ជញ្ជូន​​ទំនិញ​គេច​ពន្ធ និង​​ទំនិញ​​ខុស​ច្បាប់ ជា​ពិសេស​​ឈើ​​គ្រ​ញូង ឆ្លង​កាត់​​ខេត្ត​កំពង់​ឆ្នាំង រៀង​រាល់​​យប់​​ថ្ងៃ ស្ទើរ​ខូង​​ផ្លូវ​ជាតិ​​លេខ​​ ៥ ទៅ​ហើយ ប្រសិន​បើ​​រថ​យន្ត​​ដឹក​ជញ្ជូន​​ឈើនិង​ទំនិញ​ទាំងនោះ​មិន​ខូច ជាប់ផុង ឬ​ក្រឡាប់​ទេ គេ​មិនដែល​ឃើញ​សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង បង្ក្រាបបាន​ម្តងណា​ឡើយ ជាពិសេស​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​សម្ងំ យកសុខ​ផ្ទាល់ខ្លួន មិនដែល​ឮមាត់ឮក ពី​ភាពអនាធិបតេយ្យ​របស់​មន្ត្រីក្រោមឱវាទ ដែល​ចេញ​ដាក់​ប៉ុស្តិ៍​ជជុះ យ៉ាង​ប្រសេចប្រសាច​នោះទេ​។

 

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ឯកភាព​ជាគោលការណ៍ តាម​សំណើ​របស់លោក​ស្នងការ អាត់ ខែម ក្នុងការ​បង្កើត ក្រុមការងារ​ពិសេស​ចំនួន​២​ក្រុម ដើម្បី​ចេញ​ប្រតិបត្តិការ បង្ការ​បង្ក្រាប​ទប់ស្កាត់ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង តាមផ្លូវ​ជាតិ​លេខ​៥ ។ ប៉ុន្តែ​មកដល់​ម៉ោង​នេះ សមត្ថកិច្ច​ទាំង​២​ក្រុម​នោះ បានរៀបចំ​បង្កើត​ប៉ុស្តិ៍​ជជុះ ជា​អចិន្ត្រៃយ៍​ចាំ​ប្រមូល​លុយ​ក្បាល​ឡាន ពី​អ្នករកស៊ី​ដឹកទំនិញ​គេចពន្ធ និង​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត​។ លោកស្នងការ អាត់ ខែម មិនគួរ​មើលរំលង​ពី​បញ្ហា​នេះ​ទេ ព្រោះថា​សមត្ថកិច្ច​ទាំង​២​ក្រុម​នោះ កំពុងតែ​យក​គោលការណ៍​របស់ សាលាខេត្ត​កំពង់ឆ្នាំង​ទៅធ្វើ​អាជីវកម្ម ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត។​

 

​មន្ត្រី​តូចតាច​បាន​បង្ហើប​ផងដែរ​ថា ក្រុមទី​១​ដឹកនាំ​ដោយ​លោក យឹម សូ​ភាស់ ជា​ស្នងការរង​ទទួលបន្ទុក ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ទទួលខុសត្រូវ​លើផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ទល់នឹង​ព្រំប្រទល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ប៉ុន្តែ​គេ​មិនដែល​ឃើញ​លោក យឹម សូ​ភាស់ ចាត់ចែង​មន្ត្រី​ឲ្យ​បង្ក្រាប បទល្មើស​តាម​បទបញ្ជា របស់​ថ្នាក់លើ​នោះទេ​។ មន្ត្រី​ក្រោម​បញ្ជា​របស់លោក យឹម សូ​ភាស់ ស្ថិតក្នុង​ក្រុមទី​១ បែរជា​នាំគ្នា​ដាក់​ប៉ុស្តិ៍​ជជុះ ប្រដេញ​ឡាន​ដឹក​ត្រី របស់​ប្រជាពលរដ្ឋ ឲ្យ​បង់លុយ​ក្នុង​១​រថយន្ត ២០​ដុល្លារ​អាមេរិក ហើយ​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ បើទោះបី​ជាមាន​ការបង់​លុយដុំ ជូន​ថ្នាក់ដឹកនាំ​ស្នងការ​រួចហើយ​ក៏ដោយ ក៏ត្រូវ​មាន​ចំណែក​បង់​ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់លោក យឹម សូ​ភាស់ ផងដែរ​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​។​

ចំណែក​ក្រុមទី​២ ដឹកនាំ​ដោយ​លោក គឹម សារ៉េត ទទួលបន្ទុក​បង្ក្រាប​ប​ទ​ល្មើស តាមផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​កំពង់ឆ្នាំង​រហូតដល់ ព្រំប្រទល់​ស្រុក​ឧដុង្គ​នៃ​ខេត្តកំពង់ស្ពឺ ក៏​មិន​ដែលមាន​ស្នាដៃ បង្ក្រាប​បទល្មើស​ម្តងណា​ឡើយ ផ្ទុយទៅវិញ​លោក គឹម សារ៉េត បានត្រឹមតែ​ពង្រាយ​មន្ត្រី​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ ចាំ​ប្រមូល​លុយ​ពី​រ៉ឺម៉ក​ដឹកឈើ ពី​ឈ្មួញ​ដឹកគោ ក្របី យ៉ាង​អនាធិបតេយ្យ​បំផុត សូម្បីតែ​រថយន្ត​ដឹកឈើ​ប្រណីត​ដែល​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ សុទ្ធ​តែមាន​ផលប្រយោជន៍​បង់​ឲ្យ​លោក គឹម សារ៉េត ផងដែរ​។ ឈ្មួញ​ជាច្រើន​ដោយសារតែ មិន​ចង់​មាន​បញ្ហា​វែងឆ្ងាយ ក៏​ចេះតែ​បង់លុយ​ជូន​ក្រុម​ប៉ុស្តិ៍​ជជុះ​របស់លោក គឹម សារ៉េត ទៅតាម​ការចរចា​គ្នា ដើម្បី​កុំ​ឲ្យ​មានការ​រំខាន ឬ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​។​

Wat-Khem

លោកស្នងការ អាត់ ខែម ទំនង​ជាមាន​ក្តី​អាម៉ាស់​ធ្ងន់ធ្ងរ ដោយសារតែ​សមត្ថកិច្ច​ទាំង ២​ក្រុម​នេះ យក​គោលការណ៍​របស់​សាលាខេត្ត ទៅ​បង្កើត​ប៉ុស្តិ៍​ជជុះ ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​ប្រសេចប្រសាច​ផ្ទុយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ មិន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ឬ​ការ​រឹតបន្តឹង​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​នោះទេ​។ សូមបញ្ជាក់ថា លោកស្នងការ អាត់ ខែម បាន​ចាត់តាំង​មន្ត្រី​បង្ក្រាប​បទល្មើស ចំនួន ២​ក្រុម ដែល​ក្នុង​មួយក្រុម មាន​មន្ត្រី​ប្រមាណ​៥​នាក់ គឺ​ក្រុមទី​១ ដឹកនាំ​ដោយ​លោក  យឹម សូ​ភាស់ និង​ក្រុមទី​២ ដឹកនាំ​ដោយ​លោក គឹម សារ៉េត គឺ​មិន​ខុសពី​ការផ្តល់​ដាវអាជ្ញា​សឹក ឲ្យ​មន្ត្រី​ទាំង​២​នាក់​នេះ នាំ​កម្លាំង​ចុះទៅ​ប្រមូល​លុយ ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ និង​ឈើ​ខុសច្បាប់​នោះទេ​៕

 

Leave a Reply

(*) Required, Your email will not be published