ក្រសួង​អប់រំ​យុវជន និង​កីឡា​លើក​ពេល​សម័យ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​ពន្យា​ពេល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) ដែល​សម័យ​ប្រឡង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១៦-១៧ កញ្ញា​នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស ទៅធ្វើ​នៅ​ថ្ងៃទី​២៦-២៧ កញ្ញា​វិញ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ។​

 

​ទោះបីជា​ក្រសួង​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលើក​ពេល​ប្រឡង​យ៉ាងណាក្តី ប៉ុន្តែ​ជាទូទៅ​សាធារណមតិ​ពិតជា​បានដឹងថា ការលើក​ពេល​សម័យ​ប្រឡង​នេះ​គឺ​បណ្តាល មកពី​មហា​បាតុកម្ម​ដឹកនាំ​ដោយ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ កញ្ញា ហើយនឹង​បន្ត​២​ថ្ងៃ​ទៀត ទោះបី​ត្រូវបាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឱ្យធ្វើ​តែ​ពេល​ថ្ងៃ​ក្តី​ដោយ​សម្អាងថា ការធ្វើ​បាតុកម្ម​នោះ​នឹង​ប៉ះពាល់​ដល់​សម័យ​ប្រឡង ។​

 

​មន្ត្រី​អប់រំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា ប្រហែលជា​ពួកគេ​មានការ ភ័យខ្លាច​មហា​បាតុកម្ម​ដែល​ដឹកនាំ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​តាម​មណ្ឌល​មួយចំនួន​ស្ងប់ស្ងាត់ ។ យ៉ាងណាក៏ដោយ មន្ត្រី​រូបនេះ​បញ្ជាក់ថា វិញ្ញាសា​ប្រឡង ត្រូវបាន​បញ្ជូន​ទៅដល់​មណ្ឌល​នីមួយៗ​រួចហើយ ។ គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ កញ្ញា ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​នូវ​សេចក្តីជូនដំណឹង មួយ​ជូន​មាតាបិតា ឬ​អាណាព្យាបាល​បេក្ខជន​ឱ្យបាន​ដឹងថា ក្រសួង​បានសម្រេច​លើក​ពេល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ទៅធ្វើ​នៅ​ថ្ងៃទី​២៦-២៧ កញ្ញា​វិញ ។

1240372_568993423138463_724710134_n

​សេចក្តីជូនដំណឹង​នេះ​ធ្វើឡើង​នៅ​ចំ​ថ្ងៃ​ដែល​បេក្ខជន​ត្រូវ​ទៅពិនិត្យ​មើល​ឈ្មោះ​នៅតាម​មណ្ឌល​ប្រឡង និង​ត្រូវ​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published