ក្រុមហ៊ុន AZ ដែល​សម្ងំ​ជញ្ជក់​ញើស​ឈាម​រាស្ត្រ​ខ្មែរ អាចជា​ប្រភព​នាំ​ឲ្យ បាត់​សំឡេងឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ភ្នំពេញ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្រោយពេល​ដំណើរការ បោះឆ្នោតជាតិ អាណ​តិ្ត​ទី​៥ បានបញ្ចប់​ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅនេះ យើង​អាច​មើលឃើញ​យ៉ាងច្បាស់ ពី​ការធ្លាក់ចុះនូវ​សំឡេងឆ្នោត របស់​គណបក្ស ​ ប្រជាជន​កម្ពុជា នៅ​មណ្ឌល ​រាជធានី​ភ្នំពេញ កំពង់ស្ពឺ និង​ខេត្តកណ្តាល ដែលជា​មណ្ឌល ​ឈរឈ្មោះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាំ​ឲ្យ​សាធារណជន​វាយតម្លៃថា ភាពបរាជ័យ​នេះ គឺជា​ផ្នែក​មួយ​នៃ ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន AZ ដាក់កុង​ត្រូល​ចាំ​ប្រមូល​លុយ ពី​អ្នកដំណើរ និង​រថយន្ត​ដឹកជញ្ជូន​ទំនិញ ដោយ​ជ្រក​ក្រោម​ស្លាក វិនិយោគ​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤ ផងដែរ ។​

 

ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បាន​សម្តែង​ភាព​ក្តៅក្រហាយ ជា​យូរ​មកហើយ​ចំពោះ​ក្រុមហ៊ុន AZ ដែល​បានដាក់​កុងត្រូល ចាំ​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ​និង រថយន្ត​ដឹកទំនិញ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។ ជាពិសេស​ប្រជាពលរដ្ឋ រស់នៅ​ក្នុងស្រុក​អង្គស្នួល និង​ខេត្តកំពង់ស្ពឺ គឺ​ពួកគាត់​បាន ចំណាយលុយ​បង់​ឲ្យ​ក្រុមហ៊ុន AZ គ្រប់ពេលវេលា​ដែល​ត្រូវ ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ បើទោះបីជា​ប្រាក់ចំណូល​ប្រចាំថ្ងៃ របស់​ពួកគាត់​មាន​តិចតួច​ក៏ដោយ ហើយ​ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា មើលរំលង​ពី​បញ្ហា​នេះ ទើប​បណ្តាល​ឲ្យ​បាត់បង់​សំឡេងឆ្នោត យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

 

ប្រជាពលរដ្ឋ​បាន​ចងចាំ​យ៉ាងច្បាស់​ថា អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ ដែល​ក្រុមហ៊ុន AZ ទទួលបាន​សិ​ទិ្ធ​វិនិយោគ ថែទាំ​ផ្លូវជាតិ​លេខ ៤ ដែលជា​ជំនួយ របស់​សហរដ្ឋអាមេរិក ប៉ុន្ដែ​រឿង​ពិត គេ​សង្កេតឃើញថា ក្រុមហ៊ុន​នេះ​អត់​ដែល​ខ្វល់ខ្វាយ​អនុវត្តន៍ ឲ្យ​ស្របតាម​កិច្ចសន្យា​នោះទេ គឺ​គិតតែ​ប្រមូលប្រាក់ ដែលជា​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គឺ​សមល្មម​ដល់ពេល​រាជរដ្ឋាភិបាល ពិនិត្យ​សើរើ​ករណីនេះ ឡើងវិញ​ហើយ​។ ក្រុមហ៊ុន AZ ដោយ​ជ្រក​ក្រោម​ស្លាក វិនិយោគ​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤ ព្យាយាម​សង់​បញ្ជរ​កាត់​ផ្លូវជាតិ​លេខ​៤ ជាច្រើន​កន្លែង ដើម្បី​បង្ខំ​ឲ្យ​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​បង់ប្រាក់ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ។​

 

​បើ​និយាយ​ពី​សេវា​ថែទាំ ជួសជុល​ផ្លូវជាតិ​លេខ​៤ វិញ​ក្រុមហ៊ុន AZ ធ្វើតាម​របៀប​លេងៗ កុំឱ្យ​គេ​ថា​អត់​ធ្វើ​អ្វី​សោះ ព្រោះ​រឿង​សំខាន់​ដែល ក្រុមហ៊ុន AZ ចង់បាន​នោះ គឺជា​ការ​ប្រឹង​ប្រមូលប្រាក់ ពី​រថយន្ដ​ធ្វើដំណើរ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ តាមរបៀប​ធ្វើ​អាជីវកម្ម លើ​ខ្នង​ប្រជារាស្ដ្រ​ខ្មែរ​ក្រីក្រ​។ ក្រុមហ៊ុន AZ  បានទទួល​សិទ្ធិ​ថែទាំ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឆ្នាំ​២០០១ ហើយក៏​ចាប់ផ្ដើម​កែលំអ ស្ថានភាព​ផ្លូវត្រង់​ចំណុច​ចោមចៅ តិចតួច​ប៉ុណ្ណោះ​ក៏ បង្កើត​បញ្ជរ​សម្រាប់​ឃាត់ រថយន្ដ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ឱ្យ​បង់ប្រាក់​យ៉ាង​ងាយស្រួល​បំផុត ពោលគឺ​ការវិនិយោគ​របស់​ក្រុមហ៊ុន AZ មិន​ខុសពី​ការធ្វើ​នំ​អត់​ម្សៅ​នោះទេ ។​

 

ការអះអាង​បែបនេះ ក៏​ព្រោះតែ​គេ​ដឹងថា ក្រុមហ៊ុន AZ អាចមាន​សិទ្ធិ​សាងសង់​បញ្ជរ សម្រាប់​ប្រមូល​លុយ​បែបនេះ ដោយ​មិនបាន​ចំណាយ​ដើមទុន មួយ​កាក់​មួយ​សេន​ណា​ឡើយ ព្រោះ​ផ្លូវជាតិ​លេខ ៤ នោះ​ត្រូវបាន​ស្ដា​ឡើងវិញ​ដោយ ប្រើប្រាស់​ប្រាក់​ជំនួយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ របស់​សហរដ្ឋ អាមេរិក ដែល​បាន​ចំ ណាយ​ប្រា​ក់ជាង ៣០​លាន​ដុល្លារ រួចទៅហើយ គឺ​ក្រុមហ៊ុន AZ គ្រាន់តែ​មក​សង់​បញ្ជរ បង្ខំ​ឱ្យ​អ្នកដំណើរ​បង់ប្រាក់​តែប៉ុណ្ណោះ​។ សម្រាប់​ជំហាន​ចាប់ផ្ដើម​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា​ឡើងវិញ រាប់​តាំងពី​ក្រោយ​កិច្ចព្រមព្រៀង សន្ដិភាព​ក្រុងប៉ារីស​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រា​ក់ជាង ៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ដា​ឡើងវិញ នូវ​ផ្លូវជាតិ​លេខ​៤ ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះសីហនុ ចម្ងាយ​ប្រមាណ ២៣០​គីឡូម៉ែត្រ គឺជា​ប្រាក់​ជំនួយ មានតម្លៃ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ របស់​អាមេរិក ។

 

អំឡុងពេល​បើកសម្ពោធ ផ្លូវជាតិ​លេខ​៤ ដែល​គេ​និយម​ហៅថា ជា​ផ្លូវ​មិ​ត្ដ​ភាព​កម្ពុជា​-​អាមេរិកាំង ដែល​ត្រូវបាន​ស្ដា​ឡើងវិញ កាលពី​ពាក់កណ្ដាល ទសវត្សរ៍​ឆ្នាំ​១៩៩០ នោះ​តំណាង​ស្ថានទូត​អាមេរិក ក៏​ធ្លាប់​បានបញ្ជាក់​ផងដែរ​ថា ការស្ដារ​ឡើងវិញ នូវ​ផ្លូវជាតិ​លេខ​៤​នេះ បង្កើតឱ្យមាន​សក្ដានុពល​ធំធេង ជួយ​ដល់​រាស្ដ្រ​ខ្មែរ និង​ការដឹកជញ្ជូន​ទំនិញ​ពី​ដែនសមុទ្រ មកកាន់​រាជធានី​ភ្នំពេញ គឺជា​ការលើកស្ទួយ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​បម្រើឱ្យ​ជីវភាព​រាស្ដ្រ​ខ្មែរ​ក្រីក្រ ។ ផ្លូវជាតិ​លេខ​៤ ​ជា​សំណង់ ដ៏​រឹងមាំ​បំផុត​ធានា​ឱ្យ​ការ ដឹកជញ្ជូន​សព្វសារពើ ជាពិសេស​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ដោយ​សេរី ព្រោះ​វា​ជា​ជំនួយ​របស់​អាមេរិក ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​លើកឡើង ជា​ញឹកញាប់​រួចហើយ​ថា មាន​ផ្លូវ​មានសង្ឃឹម​ដើម្បី​ដើរទៅ​មុខ ឆ្ពោះទៅកាន់​ភាព​រីកចម្រើន ជឿនលឿន​។

 

ប៉ុន្ដែ​ស្ថានភាព​នេះ សម្រាប់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះសីហនុ កំពុង​ខក​ចិ​ត្ដ​យ៉ាង​សម្បើម ត្រង់​ថា​មាន​ផ្លូវ​ហើយ មិនទាន់មាន​សង្ឃឹម​ទេ ព្រោះ​ទាល់​តែមាន​ប្រាក់ បង់​ឱ្យ​ក្រុមហ៊ុន AZ នៅតាម​បញ្ជរ​ចំនួន ៣​កន្លែង​គឺ​នៅ​ចំណុចកំបូល ស្ទឹង​សំរោង និង​អូរ​ចំណា ទើប​មានសង្ឃឹម អាចធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ជា​ជំនួយ​របស់​សហរដ្ឋ អាមេរិក ។ ប្រជាពលរដ្ឋ​គួរតែមាន​សិទ្ធិ ប្រើប្រាស់​ផ្លូវ​សាធារណៈ ព្រោះ​ផ្លូវជាតិ​លេខ​៤ នេះ​ត្រូវបាន​ស្ដារឡើងវិញ ដោយ​ប្រាក់​ជំនួយ​របស់​អាមេរិក​ប្រហែល ៣០​លាន​ដុល្លារ គេ​មិន​បានឃើញ​ក្រុមហ៊ុន AZ នេះ​ចេញ​ប្រាក់ ទៅ​សង់​ផ្លូវ​ដូច​ក្រុមហ៊ុន មួយចំនួនទៀត តាម​រូបមន្ដ BOT នោះទេ​៕

az02

 

Leave a Reply

(*) Required, Your email will not be published