លោក យ៉េន ថុល ធ្វើជា​អ្នកម៉ៅការ​ភាស៊ី​សត្តឃាត​នៅ​ក្រុង​កំពង់ចាម បន្ថែម​លើ​តួនាទី​ជា​ចៅសង្កាត់​

, , Leave a comment

​ខេត្តកំពង់ចាម ៖ រយៈពេលកន្លង អ្នកម៉ៅការ​ភាស៊ី​សត្តឃាត​ក្រុង​កំពង់ចាម បាន​អនុវត្តន៍​ការ​​ប្រមូល​លុយ​ពី​អាជីវករ​ជា​អ្នក​សម្លាប់​ជ្រូក គោ​ខុស សៀវភៅ​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​បំផុត​ធ្វើ​ឲ្យ​អាជីវករ​ក្តៅក្រហាយ​និង រអ៊ូរទាំ​យ៉ាងខ្លាំង​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​​សំបូរ​មាស​កន្លងមក​ធ្លាប់តែ​បោះឆ្នោត​គាំទ្រ​គ​ណះ​បក្ស​ប្រជាជន ​ប៉ុន្តែ​អាណត្តិ​ថ្មី​នេះ​គឺ​គ​ណះ​បក្ស​ប្រជាជន​នៅ​ស​ង្កា​ត់​​សំបូរ​មាស​ចាញ់​ហៅ​មិនលឺ​នេះ​ ជា​មូល​ហេតុដែល​លោក លោក យ៉េន ថុល ធ្វើជា​អ្នកម៉ៅការ​ភាស៊ី​សត្តឃាត​នៅ​ក្រុង​កំពង់ចាម បន្ថែម​លើ​តួនាទី​ជា​ចៅសង្កាត់ ដែល គឺ​មន្ត្រី​សាធារណៈ បែ​រ​ជា​ចេញមុខ​ម៉ៅការ​ប្រមូល​ភាស៊ី​ពិឃាតសត្វ​ជា​ចំហ​តាមរយៈ​ការ​​ប្រើប្រាស់ សិទ្ធិអំណាច​របស់ខ្លួន​ជា​អាជ្ញាធរ​ទៅ​គាបសង្កត់​បង្ខំ​ឲ្យ​ក្រុមអាជីវករ ពិឃាតសត្វ​បង់លុយ លើសពី​សៀវភៅ​បន្ទុក​តាមតែ​ទំនើងចិត្ត​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បានល្អ​ប្រសើរ​នោះឡើយ ដែល​គេ​សង្ស័យថា មន្ត្រី​ពាក់ព័ន្ធ​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ការប្រមូល​ភាស៊ី​សត្តឃាត ខុសពី​សៀវភៅ​បន្ទុក ធ្វើ​ឲ្យ​ក្រុមអាជីវករ​រអ៊ូរទាំ​យ៉ាងខ្លាំង​។

 

​បើតាម​ក្រុមអាជីវករ​ពិឃាតសត្វ​គោ ជ្រូក នៅក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៣​និង​បន្ត​តទៅ​នេះ ការ​ពិឃាតសត្វ​ជ្រូក​មួយ​ក្បាល លោក យ៉េន ថុល ដែល​​ជា​អ្នកម៉ៅការ​ភាស៊ី​សត្តឃាត​បាន​បង្គាប់​ឲ្យ​បង់ប្រាក់​ចំនួន​១៣០០០​រៀល ហើយ​គោមួយ​​ក្បាល​ត្រូវ​បង់ប្រាក់​ចំនួន ១៥០០០​រៀល​។ សម្រាប់​ការប្រមូល​លុយ​ភាស៊ី ថ្លៃ​ពិឃាតសត្វ គឺជា​សិទ្ធិផ្តាច់មុខ​របស់លោក យ៉េន ថុល ជា​ចៅសង្កាត់​សំបួរមាស ក្រុង​កំពង់ចាម គឺ​គាត់​ដើរតួ​ជាម​ន្ត្រី​សាធារណៈ​ផង ជា​ឈ្មួញ​ប្រមូល​ភាស៊ី​ផង និង​ជា​អ្នកតំណាង​ម្ចាស់​សត្តឃាត​ផង ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​បន្ត ពី​អ្នកស្រី សែម សម្ផស្ស​ជា​ភរិយា​លោក​ឧកញ៉ា​ឈន សា​រ៉ា​ណេ ប៉ុន្តែ​លោក យ៉េន ថុល មិនបាន​ចេញមុខ​ធ្វើ​ដោយ​ខ្លួនឯង​នោះទេ គឺ​គាត់​បាន​ផ្ទេរសិទ្ធិ​ឲ្យ​កូន​ឈ្មោះ ឈុន ទ្រព្យ ជា​អ្នកធ្វើការងារ​ជំនួស​វិញ​។

 

​ក្រុមអាជីវករ​បាន​អះអាង​ទៀតថា យ៉ាងណាក៏ដោយ​លោក យ៉េន ថុល បាន​ដើរតួ​ជា​ម្ចាស់​សត្តឃាត​គំរាម​ដល់​ក្រុមអាជីវករ​ពិឃាតសត្វ​ជ្រូក គោ តាមតែ​ទំនើងចិត្ត ហើយ​អាជីវករ​នៅ​សង្កាត់​សំបួរមាស​ណា​ម្នាក់​ដែល​មិន​ព្រម​បង់លុយ​ឲ្យ កូនស្រី​របស់គាត់​តាម​ការទាមទារ​ទេនោះ គឺ​លោក យ៉េន ថុល នឹង​ប្រើប្រាស់​តួនាទី​ជា​ចៅសង្កាត់​ផង ជា​ឈ្មួញ​ផង ក្នុងការ​គាបសង្កត់​ក្រុ​ម​អាជីវករ​ពិឃាតសត្វ​គោ ជ្រូក មិន​ឲ្យ​ងើបមុខ​រួច​ទេ​។ ជាគោលការណ៍ ក្នុង​សៀវភៅ​បន្ទុក​ដែលមាន​ការឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គឺ​បានកំណត់​យ៉ាងច្បាស់​លាស់ ក្នុងការ​ប្រមូល​ភា​ស៊ី​ពិឃាតសត្វ គឺ​ជ្រូក​ក្នុង​មួយ​ក្បាល ត្រូវ​បង់ប្រាក់​ត្រឹមតែ ៣០០០​រៀល ហើយ​គោមួយ​ក្បាល​ត្រូវ​បង់ប្រាក់​ចំនួន​៣៥០០​រៀល ។ ដោយ​មានការ​រអ៊ូរទាំ​និង​តវ៉ា​ពី​ក្រុមអាជីវករ​មួយចំនួន គេ​សង្កេតឃើញ​ក្រុមការងារ​គណៈកម្មការ​អនុវត្តន៍​សៀវភៅ​បន្ទុក​របស់ សាលាខេត្ត​កំពង់ចាម បាន​ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង ដោយបាន​ជួប​ជាមួយ​ក្រុមអាជីវករ​ដោយផ្ទាល់ ហើយ​ក្រុមមន្ត្រី​បាន​អះអាងថា អ្នកម៉ៅការ​ប្រមូល​ភាស៊ី​ពិឃាតសត្វ​នៅ​ក្រុង​កំពង់ចាម កំពុង​អនុវត្តន៍​ខុសច្បាប់ និង​បំពាន​លើ​សៀវភៅ​បន្ទុក​ធ្ងន់ធ្ងរ​បំផុត​។ រឿង​ដែល​សំខាន់​ជាងគេ​នោះ គឺ​លោក យ៉េន ថុល ដែលមាន​តំណែង​ជា​ចៅសង្កាត់​សំបួរមាស ក្រុង​កំពង់ចាម គឺជា​មន្ត្រី​សាធារណៈ បែរជា​ចេញមុខ​ម៉ៅការ​ប្រមូល​ភាស៊ី​ពិឃាតសត្វ​ជា​ចំហ​តាមរយៈ​ការប្រើប្រាស់ សិទ្ធិអំណាច​របស់ខ្លួន​ជា​អាជ្ញាធរ​ទៅ​គាបសង្កត់​បង្ខំ​ឲ្យ​ក្រុមអាជីវករ ពិឃាតសត្វ​បង់លុយ លើសពី​សៀវភៅ​បន្ទុក​តាមតែ​ទំនើងចិត្ត​។

28-10-2013_Kg cham

​មន្ត្រី​សាលាក្រុង​កំពង់ចាម​មួយចំនួន មិន​សប្បាយចិត្ត​ចំពោះ​សកម្មភាព​របស់លោក យ៉េន ថុល ដែល​ដើរតួ​ជា​ចៅសង្កាត់​ផង និង​ជា​អ្នកម៉ៅការ​ប្រមូល​ភាស៊ី​ពិឃាតសត្វ​នៅ​ទូទាំង​ក្រុង​កំ​ព​ង់​ចា​ម​នោះទេ ព្រោះ​វា​បង្កើត​ឲ្យ​មានទំនាស់​ផលប្រយោជន៍ ដែល​ត្រង់ចំណុច​នេះ​គេ​លើក​ជា​យោបល់​ថា បើ​ចង់​ធ្វើជា​ឈ្មួញ​ប្រមូល​ភាស៊ី​សត្តឃាត លោក យ៉េន ថុល គួរតែ​លា​ចេញពី​តំណែង​ចៅសង្កាត់​ទើប​ជា​រឿង​ល្អ​។ លោក យ៉េន ថុល បាន​គេចវេះ​មិនមាន​ឆន្ទៈ​រៀបចំ​សត្តឃាតដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​តាម គោលការណ៍ ដើម្បី​សម្រួល​ឲ្យ​ក្រុមអាជីវករ​ចូលទៅ​ពិឃាតសត្វ ឲ្យ​បាន​ងាយស្រួល​នោះទេ ព្រោះថា​ប្រសិនបើ​ក្រុមអាជីវករ​ចូលទៅ​ពិឃាតសត្វ​នៅ​ទីសត្តឃាត​ច្បាស់​ណាស់ ដែលថា លោក យ៉េន ថុល មិនអាច​បង្ខំ​ឬ​គំរាម​ឲ្យ​ក្រុមអាជីវករ​បង់ថ្លៃ​ពិឃាតសត្វ​តាមតែ​អំពើ​ចិត្ត ដូចដែល​គាត់​ធ្លាប់​បានធ្វើ​ក្នុងពេល​កន្លងមក​នោះទេ​៕

 

Leave a Reply

(*) Required, Your email will not be published