ខេត្តព្រះសីហនុ ៖ បុរសជនជាតិអ៊ុយគ្រែនម្នាក់បានរងរបួសបែកក្បាលហូរឈាម ស្រោចខ្លួន ខណៈដែលបុរសនេះបានបើករថយន្តក្នុងស្ថានភាពស្រវឹងស្រា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ កញ្ញា ២០១៣ ស្ថិតនៅចំណុចមុខប៉ុស្តិ៍ទេសចរណ៍ឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យបដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកទីកូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2H-6313 បានបើកចេញពីកន្លែងផឹកស៊ីមួយកន្លែង ។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកបង្គោលភ្លើងរងការខូចខាត និងបណ្តាលឱ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេងហូរឈាមពេញផ្ទៃមុខ។ ជនបរទេសដែលរងរបួសខាងលើមានឈ្មោះ KOPITCH JOHANN ជនជាតិអ៊ុយគ្រែន អាយុ ៦៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ P5588810។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍បានទៅដល់កន្លែងកើតហេតុនាំមនុស្ស និងរថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ខេត្ត រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ៕