ខេត្តស្ទឹងត្រែង ៖ សំណង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅតែមានមន្ទិលសង្ស័យសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះដដែលតួយ៉ាងដូចជាផែនការសម្អាតផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង រហូតមកទល់ពេលនេះមិនមានប្រភពផ្លូវការណាមួយឲ្យដឹងថា តើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានវាស់វែងកំណត់ទីតាំងឲ្យបោសសម្អាតហើយ ឬយ៉ាងណាទេ? ក៏ប៉ុន្តែអ្វីដែលអ្នកភូមិរស់នៅក្នុងតំបន់នៃអាងស្តុកទឹកបានអះអាងថា ក្រុមអ្នកម៉ៅការកាប់ឈើបានកាប់ឈើពីតំបន់ព្រៃក្រៅផ្ទៃអាងរាប់ម៉ឺនម៉ែត្រ គូបរួចហើយ ដើម្បីនាំចូលទៅទីតាំងស្តុកឈើនៃផែនការបោសសម្អាតអាងដើម្បីអារច្រៀក នាំចេញទៅទីផ្សារ។
ប្រជាសហគមភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរាយការណ៍ថា ចំនួនឈើប្រមាណ ៤ ម៉ឺនម៉ែត្រគូប ត្រូវបានគេកាប់នៅក្នុងព្រៃក្រៅតំបន់សម្អាតអាងស្តុកទឹកនៃ គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ លើសពីនេះ ក្រុមអ្នកទទួលម៉ៅការសម្អាតអាងស្តុកទឹក បានចូលទៅកាប់ឈើ គ្រប់ប្រភេទ ពីតំបន់ព្រៃភ្នំក្រឡាពស់ និងព្រៃតំបន់ញើន ហើយដឹកជញ្ជូនមកលាក់ទុកក្នុងព្រៃនៃទីតាំងអាងស្តុកទឹក និងគ្រោងដឹកជញ្ជូនមកទុកនៅដ៉េប៉ូស្តុកឈើ មានទីតាំងនៅចំណុចពោនខាងកើតភូមិស្រែគរ២។ មេឃុំ និងសហគមន៍ការពារព្រៃឈើ ឃុំស្រែគរ ស្រុកសេសាន បានឲ្យដឹងថា សព្វថ្ងៃនេះ ឈើប្រណីតអារជ្រុង កំពុងត្រូវបានគេដឹកជញ្ជូនតាមសាឡង់ឆ្លងទន្លេពីត្រើយម្ខាងនៃភូមិស្រែគរ២ ឡើងទៅកំពង់ទឹក ភូមិស្រែគរ១ ហើយមានរថយន្តដឹកជញ្ជូនធំៗ ប្រភេទយីឌុប ចាំដឹកជញ្ជូនបន្តចេញពីភូមិ ដោយមិនមានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងទប់ស្កាត់ឡើយ។
លោក ផឿន ហេង ប្រធានសហគមន៍ការពារព្រៃឈើភូមិស្រែគរ មានប្រសាសន៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ថា លោកមានការព្រួយបារម្ភខ្លាំងចំពោះការបាត់បង់ព្រៃឈើសហគមន៍។ លោកថា សព្វថ្ងៃនេះឈើប្រណីតប្រភេទឈើអារជ្រុង ត្រូវគេដឹកជញ្ជូនតាមសាឡង់ ឆ្លងទន្លេពីត្រើយម្ខាងភូមិស្រែគរ២ ឡើងទៅកំពង់ទឹកភូមិស្រែគរ១ ហើយមានរថយន្តដឹកជញ្ជូនធំៗប្រភេទយីឌុប ចាំដឹកជញ្ជូនចេញពីភូមិដោយមិនមានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងទប់ស្កាត់ឡើយ។ មន្ត្រីសាលាខេត្ត សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើបានចុះធ្វើការវាស់វែងនិងវាយត្រាជ្រុងចំពោះឈើដែលដឹកមកគរទុកនៅក្បាលស្ពានស្រែពកចាស់តែប៉ុណ្ណោះ គឺមិនបានទៅវាស់ជាក់ស្តែងនៅកន្លែងដែលកាប់យកចេញមកនោះទេ ។ ចំពោះឈើដែលយកមកគរទុកនៅក្បាលស្ពានស្រែពកនោះទៀតសោត ក៏មិនដឹងជាយកមកពីកន្លែងណាខ្លះនោះទេ។ មន្ត្រីរូបនោះបានបន្តទៀតថា រថយន្តយីឌុបទាំងនោះគឺដាក់ឈើស្របច្បាប់ពីលើឈើឥតច្បាប់នៅពីក្រោម។
មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ថា ឈើដែលក្រុមហ៊ុនដឹកជញ្ជូនចេញមិនមែនជាឈើប្រមូលបានពីការសម្អាតបាតអាងនោះទាំង
ស្រុងទេ គឺជាឈើប្រមូលទិញពីអ្នកកាប់នៅក្នុងតំបន់ព្រៃផ្សេងៗ ក្រៅបរិវេណអាងស្តុកទឹក។ លោកបានបញ្ជាក់ទៀតថា ឈើមួយចំនួនធំ គឺកាប់ចេញពីតំបន់ភ្នំក្រឡាពស់ និងតំបន់ឧទ្យានជាតិវីរជ័យ។ កាលពីខែមករា ឆ្នាំ២០១៣ ប្រធានក្រុមហ៊ុន លោកឧកញ៉ា គិត ម៉េង ចាត់តាំងឲ្យលោក លឹម ប៊ុណ្ណា និងលោក ហាស វិបុល បោសសំអាតកាប់ព្រៃឈើក្នុងអាងស្តុកទឹកមានផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតា ។ ប៉ុន្តែអ្នកភូមិស្រែគរឲ្យដឹងថា អ្នកម៉ៅការសម្អាតអាងទឹកមានឋានៈជាឧកញ៉ាឈ្មោះ ខ្នារ បានបង្កើតទីតាំងស្តុកឈើពីរកន្លែងនៅចំណុចពោន និងនៅចំណុចខ្ទមអ្នកតា ក្នុងភូមិស្រែគរ។ ចំណែកក្រសួងកសិកម្មបានអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ អាំង អេន អាសូស៊ីអេត ឡយ័រ (ANG & ASSOCIATES LAWYER) កាប់ឈើសម្អាតផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង។ ឈើមូលដែលលាក់ទុកក្នុងព្រៃហ្នឹង ត្រូវដឹកជញ្ជូនចូលទៅដេប៉ូស្តុកឈើរបស់ក្រុមហ៊ុនម៉ៅការសម្អាតផ្ទៃអាង ហើយអារច្រៀកនាំចេញ ។
គេសង្កេតឃើញថា សព្វថ្ងៃនេះ គណៈកម្មការចម្រុះមួយដឹកនាំដោយ លោក សួន សុវណ្ណ អនុប្រធាននាយកដ្ឋាន នីតិកម្ម និងវិវាទ រដ្ឋបាលព្រៃឈើ បានចុះមកពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែងហាក់ដូចជាពុំមានតម្លាភាពទេ។ ទោះបីយ៉ាងណា បទល្មើសព្រៃឈើ នៅតែកើតមាន ជាហូរហែ បានដឹកចេញពីតំបន់ផ្សេងៗទូទាំងខេត្តស្ទឹងត្រែងទាំងផ្លូវទឹកនិងផ្លូវគោកយ៉ាង អាណាធិបតេយ្យបំផុត ។ ជាពិសេស នៅតំបន់ស្តារបាតអាងវារីអគ្គិសនីសេសានក្រោមពីរ មានការកាប់ឈើគរទុករាប់ពាន់ម៉ែត្រគូបពាសពេញព្រៃរង់ចាំឱកាសដើម្បីដឹកចេញ។
ពាក់ព័ន្ធនឹងការរិះគន់ថា លោក នួន សុវណ្ណ បានចុះមកពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែង ហាក់ដូចជាពុំមានសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើនោះសារពត័មានកំណើតថ្មី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ៕ ដោយ បុត្តមានពរ